បរទេស ៖ នៅប្រទេសថៃ ប៉ុន្មានថ្ងៃចុងក្រោយនេះ អាកាសធាតុបានចុះត្រជាក់ខ្លាំងរហូតដល់ធ្លាក់ព្រិល ធ្វើឲ្យពលរដ្ឋថៃ ត្រជាក់រឹងថ្គាម ។ ដោយឡែក បុរសពោះម៉ាយម្នាក់នេះ ដោយឲ្យភួយទៅកូនស្រីដណ្តប់ ព្រោះតែមិនចង់នាងរងា រីឯខ្លួនឯងវិញសុខចិត្តដេករងាឱបដៃញ័រញាក់ រហូតគាំងបេះដូងស្លាប់ គួរឲ្យសង្វេគ។
យោងតាមគេហទំព័រសារព័ត៌មាន Worldofbuzz ដែលចេញផ្សាយកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ថា បុរសដែលគាំងបេះដូងស្លាប់មានឈ្មោះ Prasarn Homthong អាយុ៣៨ឆ្នាំ រស់នៅក្នុងខេត្ត Bueng Kan ភាគឦសាន ប្រទេសថៃ និងជាបុរសពោះម៉ាយទទួលបន្ទុកចិញ្ចឹមបីបាច់កូនស្រី។


នៅយប់កើតហេតុ ជនរងគ្រោះបានឲ្យភួយដល់ទៅ៣ទៅកូនស្រីដណ្តប់ ដោយអាកាសធាតុចុះត្រជាក់ខ្លាំងដល់ថ្នាក់ធ្លាក់ព្រិល ចំណែកខ្លួនឯងវិញសុខចិត្តដេកលើកន្ទេលរងាឱបដៃ ដោយស្លៀកពាក់អាវដៃវែង និងខោជើងខ្លីប៉ុណ្ណោះ ទើបបណ្តាលឲ្យគាំងបេះដូងស្លាប់ចោលកូនយ៉ាងអាណោចអាធ័មតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារតែរងនូវអាកាសធាតុត្រជាក់រងាខ្លាំងពេក ដែលរាងកាយមិនអាចទ្រាំទ្របាន។ បន្ទាប់មក បានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារចាត់ចែងរៀបចំតាមប្រពៃណី៕