វី​រៈ​កីឡាការិនី កូនកាត់​ខ្មែរ ខាន់ ចេ​សា នៃ​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ បាន​ដណ្តើម​យក​មេដាយមាស​១​គ្រឿង ក្រោយ​ឈ្នះ​គូប្រកួត​របស់​ខ្លួន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ទី​៩ ធ្នូ ២០១៩ ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​ស៊ី​ហ្គេ​ម ដែល​កំពុង​ប្រព្រឹត្ត​នៅ​ប្រទេស​ហ្វី​លី​ពី​ន ។​

​ខាន់ ចេ​សា ដែល​ប្រកួត​ប្រភេទ​ម្ង​ន់​ក្រោម​៤៩​គីឡូក្រាម បាន​យកឈ្នះ​ដៃគូ​ប្រកួត​ខ្លួន​ដំបូង​ឲ្យ​បោះបង់​ការ​ប្រកួត គឺ​កីឡាការិនី វៀតណាម Duong Thi Thanh Minh ក្នុង​ពិន្ទុ​ឈ្នះ​ដាច់ ១០០​ទល់​០ និង បន្ត​ឈ្នះ កីឡាការិនី សឹ​ង្ហ​បុរី The May Yong ក្នុង​ពិន្ទុ ១៨​ទល់​០ ហើយ​បន្ត​ឡើង​មក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ជួប​ជាមួយ​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន Napolis Jenna Kaila ។​

ជំនួប​ជាមួយ​ម្ចាស់ផ្ទះ ខាន់ ចេ​សា ធ្វើ​បាន​យ៉ាង​ល្អ ដោយ​បាន​បំបាក់ ម្ចាស់ផ្ទះ ក្រោម​សម្លេង​ហ៊ោរ យ៉ាង​កងរំពង ។​

​នេះ​ជា​ជោគជ័យ​ថ្មី​មួយទៀត​ហើយ ដែល​កីឡាការិនី កូនកាត់​ខ្មែរ ខាន់ ចេ​សា បន្ទាប់​ពី​នាង​ធ្លាប់​ដណ្តើម​យក​មេដាយមាស គ្រប់​កម្រិត ទាំង​ពិភពលោក ទាំង​អាស៊ី និង​ថ្នាក់​តំបន់ ។​

​កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៨ កីឡាការិនី​វ័យក្មេង Jessa Khan បាន​បង្កើត​ប្រវត្តិ​ឲ្យ​កម្ពុជា​ក្នុង​ការ​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្នុង​ប្រភេទ​កីឡា​ជឺ​ជិត​ស៊ូ ប៉ុន្តែ​មហាជន​កម្ពុជា​ភាគច្រើន​តិច​ណាស់​ ដែល​ស្គាល់​ពី​ប្រវត្តិ​កីឡាការិនី​រូប​នេះ ។​

តើកញ្ញា ខាន់ ចេ​សា ជា​នរណា? ​ថ្ងៃនេះ KBN សូម​លើកយក​ប្រវត្តិ​សង្ខេបខ្លះៗ​របស់ Jessa Khan មក​បង្ហាញ​ជូន ៖

កញ្ញា ខាន់ ចេ​សា Jessa Khan មាន​វ័យ​១៨​ឆ្នាំ កម្ពស់​១.៥២​ម៉ែត្រ នាង​កើត​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០០១ នៅ​តំបន់ Corpus Christi រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក ។ នាង​ជា​កូន​ទី​២ ក្នុង​ចំណោម​បងប្អូន​៦​នាក់ ដែល​មាន​ឪពុក​ឈ្មោះ Peter El Khan ដែល​ជនជាតិ​ខ្មែរ កើត​នៅ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា និង​ម្តាយ​ឈ្មោះ April Marie Khan ជនជាតិ​អេ​ស្ប៉ា​ញ សញ្ជាតិ​អា​មេ​រិ​ក ។ លោក Peter El Khan ជា​ឪពុក​បញ្ជាក់​ថា ភរិយា​របស់​លោក​មិនមែន​ជា​ជនជាតិ​ម៉ិ​ក​ស៊ី​កូ​ទេ ។​

​លោក Peter El Khan បាន​ប្រាប់​ថា កូនស្រី​របស់​លោក​បាន​ចាប់​ហ្វឹកហាត់​នៅ​ឆ្នាំ​២០១០ ដែល​តាំងពី​នាង​អាយុ​៨​ឆ្នាំ​មក​ម្ល៉េះ ។ បន្ទាប់​ពី​ហ្វឹកហាត់​ច្រើន​ឆ្នាំ​មក កូនស្រី​របស់​លោក​ក៏​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តំបន់ អា​មេ​រិ​ក អឺរ៉ុប និង​ពិភពលោក​ជា​ច្រើន​រហូត​ដល់​ឆ្នាំ​២០១៩​នេះ ។​

​មុន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ ប្រចាំ​ទ្វីបអាស៊ី​នេះ កញ្ញា ខាន់ ចេ​សា ធ្លាប់​ប្រាប់​ថា នាង​មាន​ទំនុកចិត្ត​ខ្ពស់ សម្រាប់​ការ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា ដោយ​សំអាង​ទៅ​លើ​បទ​ពិសោធ និង​ការ​ឈ្នះ​មេដាយមាស​កម្រិត​អន្តរជាតិ​ជា​ច្រើន​ទៅ​ហើយ ខណៈ​នាង​ហ្វឹកហាត់​កីឡា​មួយ​នេះ​អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ ទៅ​ហើយ ។​

​សូម​លើកយក​កំណត់​ត្រា​របស់​កញ្ញា ខាន់ ចេ​សា Jessa Khan ឆ្នាំ​២០១៧ និង​២០១៨ ដែល​ទទួល​បាន​មេដាយមាស ទ្វីបអាស៊ី និង​អឺរ៉ុប មក​បង្ហាញ​ជូន ដូចខាងក្រោម​ ៖
(មេដាយនិងពានរង្វាន់របស់ Jessa Khan មិនបាច់និយាយទេ មើលរូបទៅឡើងពេញផ្ទះ)

​ឆ្នាំ​២០១៧

​មេដាយមាស ពី​ការ​ប្រកួត ជើងឯក​ទ្វីបអឺរ៉ុប European Championship
​មេដាយមាស ពី​ការ​ប្រកួត ជើងឯក​អា​មេ​រិ​ក PAN American Championship
​មេដាយមាស ពី​ការ​ប្រកួត ជើងឯក Las Vegas Open 2X
​មេដាយមាស ពី​ការ​ប្រកួត ជើងឯក San Diego Open 2X
​មេដាយមាស ពី​ការ​ប្រកួត ជើងឯក​ពិភពលោក Wolrd Championship 2X
​មេដាយមាស ពី​ការ​ប្រកួត​ជើងឯក Long Beach 2X Gold
​មេដាយមាស ពី​ការ​ប្រកួត ជើងឯក Los Angeles Grand Slam
​មេដាយមាស ពី​ការ​ប្រកួត ជើងឯក No ni World Championship 2X
​មេដាយមាស ពី​ការ​ប្រកួត ជើងឯក JIU JUTSU World League 2X

​ឆ្នាំ​២០១៨

​មេដាយមាស ពី​ការ​ប្រកួត​ជើងឯក Los Angeles Open 2X
​មេដាយមាស ពី​ការ​ប្រកួត​ជើងឯក Tap Out Cancer
​មេដាយមាស ពី​ការ​ប្រកួត​ជើងឯក Gracie National
​មេដាយមាស ពី​ការ​ប្រកួត​ជើងឯក JIU JUTSU World League 2X
​មេដាយមាស ពី​ការ​ប្រកួត​ជើងឯក FIVE Gold
​មេដាយមាស ពី​ការ​ប្រកួត​ជើងឯក PAN American Championship 2x
​មេដាយមាស ពី​ការ​ប្រកួត​ជើងឯក San Diego Open 2X Gold
​មេដាយមាស ពី​ការ​ប្រកួត​ជើងឯក World Champioship Gold
​មេដាយមាស ពី​ការ​ប្រកួត​ជើងឯក American National Gi & No Gi
​មេដាយមាស​កីឡា​ទ្វីបអាស៊ី Asian Games 2018