រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីមានការបង្ហោះរូបភាព ទូកងវែងជាងគេលើពិភពលោករបស់កម្ពុជា “កម្ពោជិកបុត្តាខេមរាតរី” ដែលមានន័យថា “ទូក ង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា” ត្រូវបានគេយកមកទុកចោលក្នុងរោងមួយ មានដំបូលធ្លុះធ្លាយ និងគ្មានជញ្ជាំងបាំងបិទ មើលទៅគួរឲ្យសង្វេគណាស់។


យោងតាមម្ចាស់គណនីហ្វេសប៊ុក Pichey Kumar បានបង្ហោះរូបទូក កាលពី៦ម៉ោងមុន មានខ្លឹមសារថា “វាសនារបស់ទូកង “កម្ពោជិកបុត្តាខេមរាតរី” ដែលបានជាប់កំណត់ត្រាទូកវែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨ ។

មើលទៅការមើលថែរក្សាទុកដាក់មិនស្មើនិងតម្លៃសោះ មោទនភាពបានតែដំបូងចុងក្រោយទុកឯងចោលអោយគោមើល ។បើពួកវាយតម្លៃកំណត់ត្រាឃើញគេនឹងដឹងថាចរិតជាតិនិយមរបស់យើងវាយ៉ាងមិចនោះ។ពីខ្ញុំព្រះករុណាអាត្មាភាពអ្នកស្រលាញ់ទូកងមួយរូប”។
គួរបញ្ជាក់ផងដែរថា ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជាយើង បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Records កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយទូក ង នេះមានប្រវែងសរុប ៨៧,៣០ ម៉ែត្រ ទទឹងប្រវែង ១,៩៤ម៉ែត្រ និងជម្រៅទូក ០,៨០ ម៉ែត្រ ហើយ ទូក ង នេះមានចំណុះទូកចំនួន ១៧៩ នាក់។
ក្រោយមានការបង្ហោះរូបថតទូក “កម្ពោជិកបុត្តាខេមរាតរី” ដែលគេយកទៅទុកក្នុងស្ថានភាពបែបនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង និងមានអ្នកខ្លះចូលខមមិនរិះគន់ទៀតផង៕