ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ចូលរួមពិធីមង្គលការគេ ទំនងជាស្រវឹងស្រាផងដែរ មានទំនាស់ពាក្យសំដីគ្នាតិចតួច ស្រាប់តែផ្ទុះហិង្សាទាញកែវស្រាគប់គូទំនាស់ បែរជាត្រូវភ្ញៀវផ្សេងទៀតដែលចូលរួមពិធីមង្គលការនោះទៅវិញ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។


ជនសង្ស័យដែលទាញកែវស្រាគប់គប់គូទំនាស់ក្នុងរោងការនេះ ឈ្មោះណោម ភា ហៅ ឌ័រ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះមានឈ្មោះចក់ សុភឿន ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។


សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានចូលរួមជាភ្ញៀវទៅពិសាការនៅកន្លែងកើតហេតុ នៅសង្កាត់ខ្សាម ។ ពេលកំពុងហូបការនោះ បានផឹកស្រវឹង ក៏មានទំនាស់ពាក្យសំដីគ្នាប្រកែកគ្នាតិចតួចទេ ស្រាប់តែជនសង្ស័យបានទាញកែវស្រារបស់ខ្លួនគប់ទៅគូទំនាស់មួយទំហឹង ប៉ុន្តែចៃដន្យមិនត្រូវគូទំនាស់ បែរជាត្រូវភ្ញៀវផ្សេងទៀតដែលចូលរួមពិធីមង្គលការនោះដែរ បណ្តាលឲ្យត្រូវទ្រូង រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ចំណែកឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីចាត់ការតាមច្បាប់ ផងដែរ ៕