រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រួមដំណើរជាមួយបងប្អូនបីនាក់ទៀតបានកាន់រូបថតប្អូនស្រីម្នាក់មានសតិមិនប្រក្រតី ដើររកគ្រប់ទីកន្លែងមិនឃើញ ក៍បានចូលប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្នើសុំឲ្យជួយអន្តរាគមន៍។
ក្រោយពីបាត់ចេញពីផ្ទះកាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ស្ត្រីដែលមានសតិមិនប្រក្រតីបាត់ខ្លួននោះ ឈ្មោះ ផៃ ស្រីនាង ហៅអ៊ូក អាយុ២៩ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី រស់នៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល បានបាត់ចេញពីផ្ទះកាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ។


ស្រ្ដីជាបងឈ្មោះផៃ សុខរី អាយុ៣៤ឆ្នាំ ជាកម្មការិនីរោងចក្រ បានឲ្យដឹងថា ប្អូនស្រីរបស់គាត់ មានសតិមិនប្រក្រតី រស់នៅសព្វថ្ងៃស្ថិតក្រោមការមើលថែពីក្រុមគ្រួសារ។ មុនពេលកើតហេតុ ប្អូនស្រីរបស់គាត់សម្រាន្តក្នុងផ្ទះជាមួយគ្នា ស្រាប់តែនៅម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី៧ ខែធ្នូ នាងបានក្រោកពីដំណេក តែពួកគាត់នឹកស្មានថា ប្អូនចេញទៅបត់ជើង ។ លុះទៅបាត់យូរពេក មិនឃើញប្អូនស្រីចូលមកដេកវិញ ទើបឆោឡោដើរស្វែងរកទាំងយប់ តែមិនឃើញនោះទេ។


លុះភ្លឺឡើង ក្រុមគ្រួសារគាត់បាននាំគ្នាដើរកាន់រូបថតបង្ហាញជាសាធារណៈ ស្វែងជាច្រើនកន្លែង នៅតែមិនឃើញ ទើបសម្រេចចិត្តចូលទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ សុំ អន្តរាគមន៍ឲ្យជួយស្វែងរកប្អូនស្រីគាត់ផង ហើយបើបងប្អូនណាឃើញប្អូនស្រីគាត់ដូចមានភិនភាគក្នុងរូបថតនេះ សុំជួយឃាត់ទុកឲ្យក្រុមគ្រួសារគាត់ផង ៕