ខេត្តក្រចេះ ៖ ស្រ្តីម្នាក់បានស្លាប់ទាំងវ័យក្មេងចោលប្តីនិងកូនយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៨ និង២០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិក្រូច ឃុំដំរីផុង ស្រុកឆ្លូង ធ្វើឲ្យបុរសជាប្តីស្រ្តីរងគ្រោះបានកើតទុក្ខមិនសុខចិត្ត រត់ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ដោយអះអាងថា ប្រពន្ធរបស់ខ្លួនស្លាប់ ដោយសារប្រើប្រាស់ផលិតផលឱសថព្យាបាលជំងឺរបស់ក្រុមហ៊ុនយូនីស៊ីធី។
ស្រ្តីរងគ្រោះ មានឈ្មោះទាង ស៊ីធាង អាយុ៣៨ឆ្នាំ រីឯបុរសជាប្តីមានឈ្មោះចន ខេង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុងមូលដ្ឋានខាងលើជាមួយគ្នា។


សមត្ថកិច្ច បានឲ្យដឹងថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ ស្រ្តីរងគ្រោះ មានជំងឺទន់ដៃជើងម្ខាង ក៏ទិញឱសថជាផលិតផលរបស់ក្រុមហ៊ុន យូនីស៊ីធី មានសាខានៅខេត្តក្រចេះ យកមកប្រើប្រាស់។ ពេលប្រើរួចស្រ្តីរងគ្រោះ មានអាការជំងឺរាករួសជាខ្លាំង ហើយពេលនោះ ស្រ្តីបានទំនាក់ទំនងទៅក្រុមហ៊ុន ប្រាប់អំពីអាការរបស់ស្រ្តីរងគ្រោះ តែខាងក្រុមហ៊ុន បានប្រាប់មកវិញថា ជាតិថ្នាំវាដេញជាតិពុលទេ និងប្រាប់ឱ្យប្រើបន្តទៀត។ លុះមកដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថានភាពស្រ្តីរងគ្រោះ កាន់តែដុនដាបខ្លាំងទ្បើង ។


ប្រភពបន្តថា ពេលនោះ បុរសជាប្តី បានទូរស័ព្ទសួរទៅក្រុមហ៊ុន ពេលនោះក្រុមហ៊ុន បានប្រាប់ថា ឲ្យយកទៅមន្ទីរពេទ្យព្យាបាល ពេលនាំស្រ្តីរងគ្រោះមកដល់មន្ទីរពេទ្យបង្អែកឆ្លូង ឃើញថាស្រ្តីរងគ្រោះមានសភាពធ្ងន់ធ្ងរហើយ ទើបខាងមន្ទីរពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត ជាអកុសលស្រ្តីរងគ្រោះ បានស្លាប់ នៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងជំនាញអធិការដ្ឋានស្រុកឆ្លូង សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំដំរីផុង បានចុះពិនិត្យសពស្រ្តីរងគ្រោះរួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ទើបស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី។
ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ «KBN» មិនអាចទាក់ទងក្រុមហ៊ុន យូនីស៊ីធី(Unicity Cambodia) សុំការបកស្រាយបានទេ តែយ៉ាងណា យើងរង់ចាំពីគ្រប់ភាគីពាក់ព័ន្ធទាំង៕