រាជធានីភ្នំពេញ ៖ បុរសកំលោះចាស់ជើងល្អម្នាក់ បន្ទាប់ពីភ្ជាប់ពាក្យជាមួយក្មេងស្រីក្រមុំ អាយុ១៦ឆ្នាំមក បានល្បិចលួងលោមនាងរួមរក័ រហូតដល់នាងមានកូន១ទៅហើយ បែរជាឆ្លើយដោះសាថា អត់ដឹងអីផង រួចដោះដៃទៅរៀបការក្រមុំផ្សេងម្នាក់ទៀត ត្រូវភាគីខាងស្រីរងគ្រោះប្ដឹងទាមទារអាហារកិច្ចផ្ដាច់ដើម្បីចិញ្ចឹមកូន រួមទាំងជំងឺចិត្តសម្រាលកូនដោយវះកាត់ សរុបជាលុយអាមេរិក ចំនួន៦២០០០ដុល្លារ ប៉ុន្តែនារីរងគ្រោះមិនទាន់បានអាហារកិច្ចនិងជំងឺចិត្ត ១រៀលផង ស្រាប់តែគូដណ្ដឹងជើងល្អនោះទៅរៀបការប្រពន្ធថ្មីមួយទៀតទៅវិញ ។
បុរសកំលោះចាស់ជើងល្អឈ្មោះឆែម សុខលី អាយុ៤២ឆ្នាំ មុខរបររកស៊ីចងការប្រាក់មានទីលំនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ភាគីខាងស្រីជាដើមបណ្ដឹងមានឈ្មោះ រិន រចនា បច្ចុប្បន្នអាយុ១៩ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានកូនស្រីម្នាក់ នាងដាក់ឈ្មោះសុខលី ស្រីពេជ្រ (យកត្រកូលខាងប្ដី) តែឪពុកក្មេងនេះមិនទទួលស្គាល់កូនរបស់ខ្លួននោះទេ។


ស្ដ្រីរងគ្រោះជាដើមបណ្ដឹង បានរៀបរាប់ប្រាប់ក្រុមអ្នកយកព័ត៌មាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែធ្នូឆ្នាំ ២០១៩ ថា កាលពីអំឡុងឆ្នាំ២០១៧ ដោយមានការព្រមព្រៀងរវាងចាស់ទុំទាំងសងខាង កាលនោះនាងមានអាយុ១៦ឆ្នាំ បានធ្វើពិធីភ្ជាប់ពាក្យតាមប្រពៃណីជាមួយឈ្មោះឆែម សុខលី មានអាយុ៣៩ឆ្នាំ ។
ស្ដ្រីរងគ្រោះបានបន្តថា ក្រោយពីភ្ជាប់ពាក្យរួច បុរសជាគូដណ្ដឹងនោះបាននាំនាងទៅលេងផ្ទះខាងគេនៅស្រុកបាធាយ ខេត្តកំពង់ចាម ។ ពេលទៅដល់ផ្ទះរបស់គេ គេបានលួងលោមរួមភេទរហូតបានសម្រេចជាច្រើនដងរាប់មិនអស់ ដោយប្រើពាក្យថា មុនក្រោយគង់តែជាប្ដីប្រពន្ធនិងគ្នាដដែល ។
ក្រោយមកនាងបានមកផ្ទះនាង នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល វិញ បានមយយរយៈ ទើបនាងដឹងថានាងមានគភ័ជាមួយគូដណ្ដឹងនោះ ភ្លាមៗនោះ នាងខំទូរស័ព្ទប្រាប់បុរសជាគូដណ្ដឹង ដោយចិត្តអរផង ភ័យផង ស្រាប់តែគូដណ្ដឹងឆ្លើយមកប្រាប់នាងវិញថា គេអត់ដឹងអីផង ឲ្យដោះស្រាយខ្លួនឯងទៅ។ មិនតែប៉ុណ្ណោះនាងត្រូវបានគូដណ្ដឹងជើងល្អនោះចោទថា នាងលួចលុយគេជាង៣ម៉ឺនដុល្លារទៀតផង ដើម្បីជាលេសចង់គេចវេះពីនាងតែប៉ុណ្ណោះ ។
ទីបំផុត នាងនិងជីដូន បានសម្រេចចិត្តប្ដឹងទៅតុលាការខេត្តកំពង់ចាម ឲ្យជួយរកយុត្តធម៌ ហើយរហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ តុលាការបានចេញសាលក្រមបង្គាប់ឲ្យចុងចម្លើយចេញសងថ្លៃអាហារកិច្ច រហូតដល់កូនមានអាយុដល់នីតិភាព ។ ប៉ុន្ដែចាប់តាំងពីសាលក្រមនេះចេញមក នាងមិនដែលបានលុយពីឪពុកក្មេងនេះ១រៀលលុយខ្មែរនោះទេ មិនតែប៉ុណ្ណោះគេនឹងត្រូវរៀបការជាមួយស្រីថ្មី នៅថ្ងៃទី៨ធ្នូ ខាងមុខនេះទៀតផង ។ ដូច្នេះហើយដោយសារតែនាងមិនដឹងជាទៅពឹងអ្នកណា ទើបនាង និងជីដូននាំគ្នាមកកាន់រាជធានីភ្នំពេញ នៅវេលារសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រែងមានអ្នកមានអំណាច ឬតុលាការប៉ាវចិនណា អាចជួយរកយុត្តិធម៌ឲ្យនាងបាន។


ជាមួយគ្នានេះ នារីរងគ្រោះឈ្មោះ រិន រចនា ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំនៅក្នុងស្ថាប័នពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌ឲ្យនាងផង នាងមកនេះមិនស្គាល់អ្នកណាក្រៅពីអ្នករត់ម៉ូតូឌុបនោះទេ នាងក្រណាស់ និងគ្មានប្រាក់គ្រប់គ្រាន់ចិញ្ចឹមកូននោះទេ ។
ទាក់ទងករណីខាងលើនេះ kbn មិនអាចសុំការបំភ្លឺពីបុរសកំលោះចាស់ជើងល្អឈ្មោះឆែម សុខលី បានទេ តែសង្ឃឹមថា លោកឆែម សុខលី នឹងចេញមុខបំភ្លឺតាមរយៈ kbn ដើម្បីឲ្យសាធារណៈបានដឹងការពិតជាមិនខាន៕