ខេត្តកណ្ដាល៖ កុមារីម្នាក់ជិះកង់ទៅទិញសម្លរ ខណៈមកដល់កន្លែងស្ងាត់ស្រាប់តែក្មេងស្ទាវឡើងកល្មោភកាមម្នាក់ ចាប់យកទៅបម្រុងរំលោភ តែសំណាងល្អ ប្រជាពលរដ្ឋនៅក្បែនោះដឹង ក៏ជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចចាត់ការច្បាប់ ។
ករណីនេះបានកើតឡើង នៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។


មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ជនសង្ស័យជាក្មេងស្ទាវឡើងក ឈ្មោះ ចត ចន្ថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ចំណែកកុមារីរងគ្រោះ មានអាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។ ជនសង្ស័យ និងកុមារីរងគ្រោះមានទីលំនៅនៅភូមិមួយគ្នា ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ស្ត្រីឈ្មោះ គ្រី សារ៉ន ជាម្តាយ បានប្រើកុមារីរងគ្រោះឲ្យទៅទិញសម្លរនៅផ្ទះឈ្មោះ អ៊ំ ភេទស្រី ដើម្បីយកមកហូបបាយ ហើយកុមារីរងគ្រោះបានជិះកង់តែម្នាក់ឯងទិញសម្លរ ។ លុះត្រឡប់មកវិញ ដល់កន្លែងស្ងាត់ ស្រាប់តែជនសង្ស័យជិះម៉ូតូកាត់តាមនោះឃើញ ក៍ឈប់ទុកម៉ូតូគៀនផ្លូវ ហើយចាប់កុមារីរងគ្រោះអៀវលើខ្នងដើរកាត់ព្រៃសំដៅទៅអាងហែលទឹក បម្រុងចូលក្នុងបន្ទប់ទឹក ដើម្បីធ្វើសកម្មភាពរំលោភ តែជនរងគ្រោះស្រែកយំខ្លាំងពេក ឮដល់អ្នកមើលថែអាងហែលទឹក ក៏បានទៅជួយកុមារីរងគ្រោះទាន់ពេល រួចចាប់ជនសង្ស័យប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលវិហារសួគ៌ ដើម្បីចាត់ការតាមច្បាប់តែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាចាប់ក្មេងស្រីរងគ្រោះបំណងយកទៅរំលោភក្នុងបន្ទប់ទឹកប្រាកដមែន ៕