ខេត្តស្ទឹងត្រែង ៖ វេលាម៉ោង១២ថ្ងៃត្រង់ទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះមានរថពាសដែកមួយគ្រឿង របស់យោធាភូមិភាគមួយ បើកឆ្លងស្ពានមេគង្គ ស្រាប់តែរេចង្កូតទៅបុកបង្កាន់ដៃស្ពានផ្នែកខាងឆ្វេង ហើយបន្តរេមកបុកបង្កាន់ដៃស្ពានផ្នែកខាងស្ដាំ បាក់អស់មួយប្រឡោះ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ខេត្តស្ទឹងត្រែង ប៉ុន្តែសំណាងល្អណាស់ ដែលរថពាសដែកមិនធ្លាក់ចូលទន្លេ ។
ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថពាសដែកមួយគ្រឿង បើកបរដោយមន្ត្រីយោធា នៅភូមិភាគ១ ជិះមនុស្សចំនួន៣នាក់ ឆ្លងកាត់ស្ពានមេគង្គពីខាងលិចមកកើត ខណៈពេលដែលកំពុងបើកបរ ស្រាប់តែឃើញរេចង្កូតទៅបុកបង្កាន់ស្ពានផ្នែកខាងឆ្វេង រួចបន្តរេទៅបុកបង្កាន់ដៃស្ពានខាងស្ដាំ បណ្តាលអោយបាក់អស់មួយប្រឡោះ។

ប្រភពមួយទៀតអះអាងថា រថពាសដែកមួយគ្រឿងនេះ ទើបតែធ្វើរួច ហើយក៏កំពុងបើកសាកល្បង ប៉ុន្តែទំនងជាជាងធ្វើមិនទាន់ត្រឹមត្រូវ ទើបពេលបើកដល់លើស្ពាននោះ ស្រាប់តែចង្កូតមិនស៊ី រេទៅបុកបង្កាន់ដៃស្ពានតែម្ដង ។
ទោះជាយ៉ាងណា នេះចាត់ទុកជាសំណាងល្អហើយដែលមិនធ្លាក់ចូលទន្លេ ចំពោះការខូចខាតបង្កាន់ដៃស្ពានខាងលើនោះ គេនៅមិនទាន់ដឹងថា ត្រូវដោះស្រាយយ៉ាងណានោះទេ ៕