ខេត្តបាត់ដំបង ៖ ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានករណីលួចកាប់ឈើធ្នុង នៅក្នុងព្រៃសហគមន៍តាគ្រាម ក្រុមការងារថ្នាក់ជាតិចុះជួយឃុំតាគ្រាម និងអាជ្ញាធរមូលដ្ឋាន ក្នុងនោះមាន ៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាល, ប្រជាការពារ, អង្គភាពភូមិ និងក្រុមប្រឹក្សាឃុំតាគ្រាម ចំនួន២១នាក់ បានរួមគ្នាល្បាតនិងបង្ក្រាប ខណៈក្រុមជនល្មើសគេចខ្លួនបាត់អស់ ។
ការចុះបង្ក្រាបករណីលួចកាប់ឈើនៅក្នុងព្រៃសហគមន៍តាគ្រាមនេះ ធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះនៅត្រង់ចំណុចភ្នំ១៥០ ស្ថិតក្នុងភូមិដង្កត់ធ្នុង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
បើតាមលោកប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានប្រាប់ឲ្យដឹងថា ការកាប់បំផ្លាញឈើនេះ គឺកើតមានឡើងជាច្រើនដងហើយ ដោយមានក្រុមជនល្មើសជាជនញៀនថ្នាំ បានឡើងទៅកាប់ឈើ ដើម្បីដោះដូរជាមួយគ្រឿងញៀន ។
លោកប៉ាន់ វ៉ាន់នី បន្តថា ពេលដែលក្រុមការងារចុះទៅបង្ក្រាប ក្រុមនេះបានរត់គេចខ្លួនបាត់អស់ រឹបអូសបានតែវត្ថុតាង កំណាត់ឈើ ម៉ាស៊ីនកាប់បំផ្លាញឈើ ព្រមទាំងសម្ភារសម្រាប់ជក់គ្រឿងញៀនតែប៉ុណ្ណោះ ហើយនៅចំណុចភ្នំ១៥០នេះ គឺមានហានិភ័យខ្ពស់នឹងគ្រាប់មីនដែលបន្សល់ទុកកាលពីសម័យសង្គ្រាមនៅឡើយផងដែរ ហើយតែងតែកើតឡើងមានករណីលួចកាប់ឈើ ហើយកម្លាំងចុះទៅបង្ក្រាបជាបន្តបន្ទាប់ផងដែរ តែពេលចុះបង្ក្រាប ពួកអ្នកប្រព្រឹត្តហាក់ដឹងមុន បានរត់គេចខ្លួនបាត់ ។ ហើយនៅពេលសមត្ថកិច្ចចេញផុត ក៏មានការកាប់បន្តទៀត ហើយនៅក្នុងតំបន់នោះដដែល ។
អធិការនគរបាលស្រុកបាណន់ បញ្ជាក់ឲ្យដឹងថា ក្រុមការងារកំពុងបន្តតាមដានករណីនេះ ដើម្បីស្វែងរកមុខសញ្ញាឲ្យឃើញ អ្នកពាក់ព័ន្ធករណីកាប់ឈើល្មើសច្បាប់យកមកផ្ដន្ទាទោសតាមច្បាប់ ។ ចំពោះវត្ថុតាងរឹបអូសយកបាននូវឈើធ្នុងចំនួន១០កំណាត់ ម៉ាស៊ីនកាត់ឈើចំនួន ៤គ្រឿង ថ្នាំញៀនមួយចំនួន ដោយឡែកមុខសញ្ញាមិនទាន់ឃាត់ខ្លួនបាននរណាម្នាក់ នៅឡើយទេ ៕