រាជធានី​ភ្នំពេញ ៖ រោងការ រោង​បុណ្យ​បិទផ្លូវ នៅ​តែ​ជា​បញ្ហា​ចោទ ក្នុង​រាជធានី​ភ្នំពេញ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ស្ទះ​ដល់​អ្នកដំណើរ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន ប៉ុណ្ណោះ​ទេ ត្រូវ​កកស្ទះ​សំរាម​យ៉ាង​ហោច​២​ថ្ងៃ ព្រោះ​រថយន្ត​ប្រមូល​សំរាម​មិន​អាច​ឆ្លងកាត់​ចូល​ទៅ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ដែល​មាន​រោង​បុណ្យ ឬ​រោងការ ដែល​បិទផ្លូវ​ទាំងស្រុង នោះ​បាន ។​

​ស្រាប់តែ​ថ្មី​ៗ​នេះ​មាន​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Sokphath បាន​បង្ហោះ​សេចក្តីជូនដំណឹង​របស់​សាលា​ទើប​ដឹង​ថា នេះ​ប្រធានបទ​ថ្មី​មួយទៀត ដែល​អាជ្ញាធរ​ត្រូវ​គិតពិចារណា ឬ​ចាត់វិធានការ​ចំពោះ​រោង​បុណ្យ ឬ​រោងការ ដែល​បិទផ្លូវ​ទាំងស្រុង​នេះ ធ្វើ​អោយ​ក្មេង​ៗ​នៅ​សាលា​វេ​ស្ទើ​ន​អន្តរជាតិ ថ្នាក់​ម​ត្តេ​យ្យ ត្រូវ​ខាត​ការ​សិក្សា​អស់​រយៈពេល​២​ថ្ងៃ ផង​ដែរ គិត​ចាប់តាំងពី​ថ្ងៃ​ទី​១១ ដល់ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ មូលហេតុ​មានការ​បិទផ្លូវ​រៀបចំ​ពិធី​មង្គលការ នៅ​ភូមិ​គ្រឹះ ទុល​មុខ​សាលា​វេ​ស្ទើ​ន​អន្តរជាតិ​សាខា បឹង​ត្របែក​ទី​១ តែ​ម្តង ។​

​មហាជន​នៅ​ចាំ​បាន​ថា លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លែង​អនុញ្ញាត​ឱ្យ​សង់រោង​ការ រោង​បុណ្យ​បិទផ្លូវ​ដូច​មុន​ទៀត​ហើយ ។​

ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២​កញ្ញា ឆ្នាំ​២០១៨ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ទាំងអស់ ត្រូវ​ចាត់​មន្ត្រី​ចុះ​ត្រួតពិនិត្យ​រាល់​ការ​សុំ​ច្បាប់ និង​សាងសង់​រោង​បុណ្យ ឬ​រោងការ ណា​ដែល​បិទផ្លូវ​ទាំងស្រុង គឺ​មិន​អនុញ្ញាត​ឡើយ និង​ត្រូវ​ជម្រុញ​ឲ្យ​ពួក​គាត់​គោរព​ច្បាប់ និង​ការ​ណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ចៀសវាង​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ។​

​លោក​ឃួ​ង ស្រេង បាន​លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខណ្ឌ សង្កាត់ និង​កំលាំង​មាន​សមត្ថកិច្ច ត្រូវ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ ចំពោះ​ការ​សាងសង់​រោង​បុណ្យ រោងការ ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ដែល​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់ នា​ពេល​កន្លង​មក​នោះ គួរ​ម្ចាស់​រោង​បុណ្យ ឬ​រោងការ រក​ទីតាំង​ណា ដែល​សម​ស្រប មិន​ប៉ះពាល់​ផ្លូវ​សាធារណៈ ដូច​ជា ទី​អារាម តាម​ភោជនីយដ្ឋាន ឬ​ទីតាំង​ណា​ដែល​សមរម្យ ៕