ខេត្តបន្ទាយមានជ័យ ៖ រថយន្តកាមរី១គ្រឿង បានបើកបរបោះពួយយ៉ាងលឿនដូចហោះ ហើយព្យាយាមបើកវ៉ាជែង មិនប្រយ័ត្នជ្រុលទៅបុករថយន្តឡង់គ្រីស័រស៊េរីទំនើប ១គ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យខូចខាតទាំង២គ្រឿង និងមនុស្សរងរបួសធ្ងន់ចំនួន៤នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១ និង៥៥នាទី រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចបង្គោលភ្លើងលេខ០៤៧៦ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតភូមិរំដួល ឃុំភ្នំ លៀប ស្រុកព្រះនេត្រព្រះ ។


ប្រភពពីពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្តម៉ាកកាមរី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2D-2762 បើកបរដោយឈ្មោះប្រាស់ សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ រថយន្តនេះ បានបើកបរធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿនដូចហោះមិនដឹងជាប្រញាប់ទៅណាឡើយ ។

លុះពេលមកដល់ចំណុចខាងលើ បានបន្ថែមល្បឿនវ៉ាជែងរថយន្តខាងមុខមិនប្រយ័ត្ន ក៏ជ្រុលបុករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8797 បើកបរដោយឈ្មោះ គឹមអាន សុភ័ក្របញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅបុរីប៉េងហួត រាជធានីភ្នំពេញ ក្នុងទិសដៅបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស៤នាក់ជិះក្នុងរថយន្តទាំងសងខាងរងរបួស។


ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បន្ទាប់មក ទើបធ្វើការវាស់វែង និងកំណត់ហេតុ យកយានយន្តពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕