រាជធានីភ្នំពេញ៖ កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាកាច់កម៉ូតូ និងឆក់យ៉ាងសកម្ម កាលពីវេលាម៉ោង១០នឹង៣៥នាទីយប់ថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៥៤ កែងផ្លូវលេខ៦១ នៅចំណុចក្បែរផ្សារសូរិយាម៉ល ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។


មុនពេលកើតហេតុ នៅវេលាម៉ោង១១យប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះធុង ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា ធ្វើការនៅហាងម៉ាសស្ទើស៊ុបគីស៊ុប បានទុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ ខ្មៅសេរីឆ្នាំ២០០៦ មិនចាំស្លាកលេខ នៅកន្លែងធ្វើការ ស្រាប់តែមានជនសង្ស័យ វ័យ៣០ឆ្នាំជាងម្នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល។


លុះពេលដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលបានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ហើយជនសង្ស័យ បាននាំកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល ទៅយកម៉ូតូជនរងគ្រោះដែលខ្លួនផ្ញើនៅឯម្តុំផ្សារសូរិយាម៉ល។ ប៉ុន្តែម្ចាស់ទីតាំងកន្លែងផ្ញើម៉ូតូនោះ មិនព្រមសហការគ្នាជាមួយសមត្ថកិច្ចដោយសំអាងថា មិនមានឯកសារពាក់ព័ន្ធជាមួយម៉ូតូ គឺមិនឲ្យយកម៉ូតូចេញ រហូតជិត១ម៉ោង ទើបជនរងគ្រោះបានយកឯកសារពាក់ព័ន្ធជាមួយម៉ូតូទៅបង្ហាញ ទើបព្រមសហការ ។
ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហម្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕