រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តគោកបញ្ជាន់ ខណ្ឌពោធិ៍សែនជ័យ ជិត២ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំ ទាមទារបណ្តេញព្រះតេជគុណ សេង ថង ចៅអធិការវត្ត ចេញពីវត្ត នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ។ចៅអធិការវត្តគោកបញ្ជាន់ ព្រះនាម សេង ថង។


ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្ត បានអះអាងថា មូលហេតុនៃការធ្វើបាតុកម្មនេះ ដោយសារព្រះគ្រូចៅអធិការវត្តអង្គនេះ បានលក់ដីរួមវត្តចំនួន៣កន្លែង ជាពិសេសគឺលក់ផ្លូវរួមមួយកន្លែង ទៅឲ្យឈ្មួញ ហើយក្រោយមក ឈ្មួញបានធ្វើរបងឈប់ឲ្យពួកគាត់ដើរឆ្លងកាត់ និងបណ្តោយឲ្យក្រុមក្មេងស្ទាវប្រើប្រាស់គ្រឿងញៀន អុកឡុកពេញភូមិ ។
ពួកគាត់នាំគ្នាបណ្តេញចៅអធិការវត្តព្រះនាម សេង ថង ឲ្យចេញពីវត្ត និងទាមទារឲ្យបិទវត្តរហូតដល់ពេលសម្តេចសង្ឃរាជ តែងតាំងឲ្យមានចៅអធិការវត្តថ្មី ។
ទោះបីយ៉ាងណា ព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់ ធ្លាប់បដិសេធថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ៕