ខេត្តកណ្តាល៖ ស្រ្តីចំណាស់ម្នាក់ ខណៈដើរឡើងលើផ្ទះមិនប្រយ័ត្ន ក៏រអិលធ្លាក់ពីកាំជណ្តើរបោកក្បាលជាមួយដី បណ្តាលឲ្យស្លាប់មួយរំពេច កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្ទះឈ្មោះ នៅ យ៉ុម ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម។

ស្រ្តីរងគ្រោះមានឈ្មោះនៅ យ៉ុម អាយុ៧០ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ ទីលំនៅភូមិ-ឃុំកើតហេតុ ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានឡើងទៅលើផ្ទះដោយដៃមានកាន់កន្ថោរ កាបូបដាក់ថ្នាំពេទ្យ និងដបជ័រដាក់ទឹកអំពៅ ពេលជនរងគ្រោះឡើងដល់កាំជណ្តើរថ្នាក់ទី២ ក៏ក្រឡាច់ជើងដួលធ្លាក់ផ្កាប់មុខលើកាំជណ្តើរ។ ភ្លាមនោះកូនប្រសារឈ្មោះគល់ វុទ្ធី និងកូនបង្កើតឈ្មោះ ពៅ បុប្ផា(ប្តីប្រពន្ធ) ដែលនៅក្រោមផ្ទះបាន ឃើញក៏ស្ទុះឡើងទៅជួយលើកជនរងគ្រោះមកដាក់លើគ្រែក្រោមផ្ទះ ធ្វើចលនាសង្គ្រោះឲ្យជនរងគ្រោះ ដឹងខ្លួន តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។


ប្រភពបន្តថា ក្រោយកើតហេតុ សមត្ថកិច្ច បានចុះពិនិត្យលើខ្លួនជនរងគ្រោះមានស្នាមរលាត់ជាំកន្ទុយភ្នែកឆ្វេង និងស្នាមរលាត់កែងដៃឆ្វេង ។ សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា ស្រ្តីរងគ្រោះ ពិតជាស្លាប់ដោយសារ រអិលជើងធ្លាក់ពីលើកាំជណ្តើរ មែន។ ក្រោយពីពិនិត្យចប់ បានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕