រាជធានីភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍១គ្រឿងបើកបរលឿនពេក បានជ្រុលចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យក្រឡាប់ឆាបឆេះ និងសង្កត់លើកូន
ស្រីម្ចាស់ផ្ទះស្លាប់ម្នាក់យ៉ាងអាណោចអធ័ម កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតលើកំណាត់ផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ។


ម្ចាស់ផ្ទះឈ្មោះ បង វុត្ថា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិឃុំកើតហេតុ (ពុំមានរងរបួសទេ) ។ ចំណែកក្មេងស្រីរងគ្រោះជាកូនម្ចាស់ផ្ទះឈ្មោះ វង សុនិតា ភេទស្រី អាយុ៤ឆ្នាំ។
អ្នកបើកបររថយន្តបង្ក ឈ្មោះ ភ្លូ ឆាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។


មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក HINO ពណ៌ក្រហមស ពាក់ស្លាកលេខ ភ្នំពេញ 5A-1448 ធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏វ៉ាស្តាំរថយន្ត ដែលនៅពីមុខមិនផុត ក៏ជាន់ហ្វ្រាំង បណ្តាលឲ្យក្រឡាប់ទៅផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ និងសង្កត់កូនស្រីម្ចាស់ផ្ទះ បណ្ដាលឲ្យស្លាប់ភ្លាមៗ តែម្តង ហើយរថយន្តបង្កត្រូវភ្លើងឆាបឆេះសន្ធោសន្ធៅដែរ ត្រូវរថយន្តពន្លត់អគ្គិភ័យ១គ្រឿង មកបាញ់ទឹកឲ្យរលត់ទៅវិញនៅម៉ោង ២និង០០នាទីរសៀល។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក យកទៅសួរនាំ ។ចំណែកវត្ថុតាង ត្រូវបានស្ទូចទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ។ រីឯសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕