រាជធានីភ្នំពេញ៖ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានដឹកនាំសហជីវិន សហជីវនី ធ្វើពិធីបង្សុកូល និងរាប់បាតថ្វាយព្រះរាជកុសលផលបុណ្យ ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះរាជបុត្រី ព្រះរៀម នរោត្តមបុប្ផាទេវី ដែលជាព្រះរៀម របស់ព្រះអង្គផ្ទាល់ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅព្រះដំណាក់របស់ព្រះអង្គវាលស្បូវ ខណ្ឌច្បារអំពៅ ដោយមានសហជីវិន សហជីវនី គណបក្សមកពីគ្រប់រាជធានី-ខេត្ត រាប់រយនាក់ចូលរួម។


ក្រៅពីធ្វើពិធីបង្សុកូល និងរាប់បាតដល់ព្រះសង្ឃនៅព្រះដំណាក់របស់ព្រះអង្គវាលស្បូវនោះដែរ សហជីវិន-សជីវនី គណបក្សដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទីគណបក្សក៏បានដឹកនាំសហជីវិន-សជីវនី ទៅគោរពព្រះវិញ្ញាណក្ខន្ធ ព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅទីតម្កល់ព្រះសពក្នុងវត្តបទុមវតី្ត ផងដែរ។


សូមបញ្ជាក់ថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាព្រះរាមបង្កើតរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាបុត្រីបុត្រារបស់ព្រះមហាក្សត្រព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាមួយមហេសីទី១ គឺអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ បានយាងសោយព្រះពិរាល័យ ក្នុងព្រះជន្ម ៧៧ព្រះវស្សា នាវេលាម៉ោង១២៖៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យ ព្រះរាជាណាចក្រថៃ ដោយជរាពាធ។
ព្រះសពព្រះអង្គម្ចាស់ រាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នឹងធ្វើពិធីបូជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខនេះ នៅព្រះមេន នៅវត្តបទុមវតី្ត៕