រាជធានីភ្នំពេញ៖ រោងចក្រផលិតកាបូប កាតាប និង អាវពោងសុវត្ថិភាព ចំនួន២នៅជាប់គ្នា ដែលស្ថិតនៅភូមិអន្លងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញយ៉ាងសន្ធោសន្ធៅ តាំងពីវេលាម៉ោង៣រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
សមត្ថកិច្ច បានឲ្យដឹងថា រោងចក្ររងគ្រោះទី១ មានម្ចាស់ឈ្មោះ អេស ឃ្វេ ភើហ្វមែនស៍ រោងចក្រ ផលិតកាបូប កាតាប អាវពោងសុវត្ថិភាព និង រោងចក្រផលិតទ្រនាប់ សម្លៀកបំពាក់ បាធាយ(ខេមបូឌា )អ៊ិនដាស ស្រ្ទី អេនគ្រេជ និងរោងចក្រទី២ មានម្ចាស់ ឈ្មោះ WU MEI ភេទស្រី អាយុ ៣៤ឆ្នាំ (ជនជាតិចិនដីគោក) មុខរបរអ្នកគ្រប់គ្រង រោងចក្រ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។


សមត្ថកិច្ច បញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែមានការខូចធ្ងន់ធ្ងរ ព្រោះដល់ម៉ោង៦ព្រឹកថ្ងៃដដែល ភ្លើងមិនទាន់រលត់ទេ ដោយសាររោងចក្រខាងលើនេះផ្ទុកសុទ្ធតែជ័រ និងសារធាតុដែលងាយនិងឆេះច្រើន តែយ៉ាងសមត្ថកិច្ចនៅតែសស្រាក់សស្រាំក្នុងប្រតិបតិ្តការពន្លត់អគ្គិយភ័យនេះ។
សូមបញ្ជាក់ថា រោងចក្រផលិតកាបូប កាតាប និង អាវពោងសុវត្ថិភាព ខាងលើត្រូវបានអគ្គិភ័យឆាបឆេះ ម្តងរួចមកហើយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នងបណ្តាលឲ្យបុរសជាកម្មកររោងចក្រ រងរបួសធ្ងន់ ៕