រាជធានីភ្នំពេញ ៖ យុវជន២នាក់បើកម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន ហើយជាន់ហ្វ្រាំងប្រថុចញ៉ុច បណ្ដាលឲ្យដួលបោកនឹងថ្នល់ស្លាប់ម្នាក់ និងម្នាក់រថយន្តមកពីក្រោយគេចមិនទាន់ កិនបាក់កជើង ។ ហេតុការណ៍នេះបានកើតឡើងកាលពីកាលពីម៉ោង០៧និង២៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវលេខ១០៤ ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ ។


ជនរងគ្រោះជាអ្នកបើកបរដែលបាត់បង់ជីវិត ឈ្មោះ ជន់ សាម៉ឺឌី អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ និងអ្នករួមដំណើររងរបួសធ្ងន់ ឈ្មោះ ឈួន វិច្ឆិកា អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។


ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញសិស្សសាលា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាប៊ីត ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HD-2002 បើកបរក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានជាន់ហ្រ្វាំងប្រថុចញ៉ុច ហើយដួលបោកទៅនឹងថ្នល់ បណ្ដាលឲ្យអ្នកបើកបរស្លាប់នៅនឹងកន្លែង ចំណែកអ្នករួមដំណើរត្រូវរថយន្តមួយគ្រឿងបើកបរក្នុងទិសដៅស្របគ្នា គេចមិនទាន់ ក៍កិនបាក់កជើងខាងស្ដាំ ហើយរងយន្តបង្កបានបើករត់គេចបាត់ ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ បញ្ជូនអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ និងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។ ចំណែកសពបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕