រាជធានីភ្នំពេញ ៖ ជនជាតិចិន៣នាក់ ទំនងជាដាក់យ៉ៃខ្លាំង បានធ្វើសកម្មភាពលួចកាច់.កម៉ូតូរបស់នារីម្នាក់ជាប្រពន្ធមន្ត្រីប៉ូលិស រួចជិះរត់គេចខ្លួនបាត់ស្រមោល តែដឹងអី ! រំលងបាន១ថ្ងៃ ត្រូវកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបាន ក៏ចាប់ក្របួច នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២១៤ ត្រង់ចំណុចក្បែរនឹងខារ៉ាអូខេX2 ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។


ជនសង្ស័យដែលសមត្ថកិច្ចធ្វើការចាប់ខ្លួននេះ ទី១-ឈ្មោះ WANG YIN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារឋានសួគ៌ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ គ្មានលិខិតឆ្លងដែន មុខរបរគ្មាន។ ទី២-ឈ្មោះ LI JIAXIN ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិចិន ស្នាក់នៅមិនពិតប្រាកដ គ្មានលិខិតឆ្លងដែន មុខរបរគ្មាន។ និងទី៣-ឈ្មោះZHANG LENLING ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន ជាបុគ្គលិកទីផ្សារសណ្ឋាគារស្តារអន្តរជាតិ។


នារីរងគ្រោះឈ្មោះ កង លីតា អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាងបានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ DF-2129 ទៅធ្វើការនៅផ្លូវកៅស៊ូថ្មី ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន យីហោឈ្មោះបាលីN1 រួចទុកម៉ូតូនៅមុខខាងជាធម្មតា។ លុះមួយសន្ទុះ ស្រាប់តែមានជនសង្ស័យ២នាក់ ជាជនជាតិចិនជិះម៉ូតូមួយគ្រឿង ម៉ាក Zoomer-X ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 1GD-5134 បានមកធ្វើសកម្មភាព លួចកាច់.កម៉ូតូនាង ហើយជិះរត់គេចខ្លួនបាត់ស្រមោល។


នារីខាងលើបន្តថា ក្រោយកើតហេតុ នាងបានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ លុះពេលមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យទាំង ៣នាក់ កំពុងតែជិះម៉ូតូ Zoomer-X នៅតាមផ្លូវ២១៤ ក៏ធ្វើការឃាត់ខ្លួននាំមកសាកសួរតែម្តង។
ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕