ខេត្តស្វាយរៀង៖ ដោយសារតែប្រច័ណ្ឌប្ដីនឹងស្រីផ្សេង ស្រ្តីជាប្រពន្ធម្នាក់បានទាញញញួរវាយបុរសជាប្ដីបណ្ដាលឲ្យបែកក្បាលហូរឈាមជោកខ្លួន បង្កការភ្ញាក់ផ្អើលពេញភូមិ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ។សមត្ថកិច្ចនគរបាលស្រុករំដួល បានឲ្យដឹងថា ប្ដីរងគ្រោះឈ្មោះសូ សារិត អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិ ឃុំខាងលើ ។


ចំណែកស្ត្រីសង្ស័យជាប្រពន្ធចិត្តភ្លើងឈ្មោះ ឡៅ សាម៉ាច អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅជាមួយគ្នា ។
អ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញប្ដីប្រពន្ធ២នាក់បានឈ្លោះប្រកែកគ្នាដោយសារប្រច័ណ្ឌប្ដីជាមួយស្រីផ្សេង ទើបមិនសូវរវីរវល់ជាមួយខ្លួន ខណៈនោះស្រាប់តែផ្ទុះកំហិងរត់ទៅទាញបានញញួរស្ទុះមកវាយទៅលើក្បាលប្ដី បណ្ដាលឲ្យហូរឈាមជោកខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង រួចរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកស្ត្រីសង្ស័យ សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួន ដើម្បីយកមកចាត់ការតាមច្បាប់ ៕