ខេត្តបាត់ដំបង ៖ បុរសម្នាក់បានផុងខ្លួនក្នុងរណ្តៅថ្នាំញៀន លុះពេលភ្ញាក់ខ្លួនដឹងថាដើរផ្លូវខុស ក៏មកសុំទោសឪពុកម្តាយ និងសុំលាថារូបគេទៅឆ្ងាយហើយ រួចក៏ទៅចង.កធ្វើអត្តឃាត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង២០នាទីថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ស្ថិតនៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
ជនរងគ្រោះដែលចង.កសម្លាប់ខ្លួន មានឈ្មោះចុប សំណាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុ ។


ស្រ្តីឈ្មោះ រិន ឈៀង អាយុ៦៦ឆ្នាំ ជាម្តាយរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ កាលពីម៉ោង៥ល្ងាចថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ គាត់បានប្រដៅអប់រំកូន(ជនរងគ្រោះ) ឲ្យឈប់ប្រើប្រាស់ថ្នាំញៀន ពេលនោះ កូនគាត់ឆ្លើយថា«ខ្ញុំខុសហើយម៉ែ» ហើយកូនរបស់គាត់ទៅផឹកអស់ចំនួន២-៣កំប៉ុង ។ លុះមួយសន្ទុះក្រោយមក កូនប្រុសបានមកសំពះលាប្តីប្រពន្ធគាត់ជាឪពុកម្តាយ ថា «កូនទៅឆ្ងាយហើយអស់កម្មពៀរជាមួយពុកម៉ែហើយ» តែពេលនោះ គាត់មិនចាប់អារម្មណ៍ថា កូនប្រុសគិតខ្លីបែបនេះដែរ។


ប្រភពបន្តថា លុះដល់ម៉ោង ៤ទៀបភ្លឺថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គាត់បានឃើញកូនកាន់ពិលចេញពីផ្ទះ តែគាត់ស្មានថា កូនប្រុសទៅមើលអន្ទាក់កណ្តុរ ។ លុះដល់វេលាកើតហេតុ ស្រាប់តែឈ្មោះ ប៊ុន វីរ: ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកជិតខាងបានប្រាប់ថា កូនប្រុសគាត់ចង.ក នៅចម្ការតាង៉ែនរបស់ឈ្មោះ ប៉ូ លី ស្លាប់បាត់ទៅហើយធ្វើឲ្យគាត់រន្ធត់ចិត្តជាខ្លាំង និងប្រញាប់ទៅកន្លែងកើតហេតុ រួចរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះទៅពិនិត្យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយធ្វើអត្តឃាតខ្លួនមែន មូលហេតុប្រើប្រាស់ថ្នាំញៀន។ បន្ទាប់មក ក៏ធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕