ក្រសួងអប់រំ យុវជន និងកីឡាមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយវិទ្យាស្ថានជាតិអប់រំអន្តរជាតិនៃប្រទេសសិង្ហបុរី និងមូលនិធិថេម៉ាសេកអន្តរជាតិ នឹងរៀបចំការបណ្ដុះបណ្ដាលស្ដីពី “ភាពជាអ្នកដឹកនាំសាលារៀន” ដែលមានរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។


វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចំនួន ៦ លើក ដោយ៥លើកប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា និង ១ លើកនៅប្រទេសសិង្ហបុរី។ វគ្គបណ្ដុះបណ្តាលនេះ នឹងត្រូវបានសម្របសម្រួលនិងឧទ្ទេសដោយសាស្ត្រាចារ្យនៃវិទ្យាស្ថានជាតិអប់រំអន្តរជាតិប្រទេសសិង្ហបុរី និងមានសិក្ខាកាមចូលរួមចំនួន ១២៨នាក់ រួមមានមន្ត្រីជំនាញដែលមានបទពិសោធន៍ក្នុងការងារគ្រប់គ្រងសាលារៀនចំនួន ២០នាក់ និង នាយក និងនាយករងចំនួន ១០៨ នាក់ ជាគណៈគ្រប់គ្រងនៃគ្រឹះស្ថានសិក្សា ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តតាកែវ។

ក្នុងអំឡុងពេលនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូនេះ ភាគីកម្ពុជា និងភាគីសិង្ហបុរី នឹងមានឱកាសសិក្សាស្វែងយល់អំពីស្ថានភាពអប់រំ និងផ្លាស់ប្ដូរបទពិសោធន៍ការងារអប់រំនៅក្នុងបរិបទនៃប្រទេសទាំងពីរផងដែរ។
ពិធីសម្ពោធជាផ្លូវការនៃកម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ភាពជាអ្នកដឹកនាំសាលារៀន” នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលថ្មី ដែលមានអាសយដ្ឋាន ផ្លូវលេខ ៣៨០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕