ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ចេញទៅរកត្រី បាត់មួយយប់ ព្រឹកឡើងស្រាប់តែប្រទះឃើញដេកស្លាប់នៅជិតដីឡូត៍អ្នកភូមិមួយកន្លែង ដោយមានថង់ដាក់ត្រីចងជាប់ចង្កេះ និងចំពាមកៅស៊ូទៀតផង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទី នៅខាងលិចផ្លូវជាតិ៤១ ប្រហែល៧០ម៉ែត្រ ពីចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៦ និង៣៧ ស្ថិតនៅភូមិ ត្រពាំងក្រសាំង ឃុំកក់ ស្រុកបរសេដ្ឋ។
ជនរងគ្រោះឈ្មោះ ទួន សារិទ្ធ ហៅ ណុច ភេទប្រុស អាយុ ២២ឆ្នាំមុខរបរ ធ្វើស្រែ រស់នៅភូមិ ស្រែខ្ញែ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ។

 

ឈ្មោះ ឈិន ឈឿន ជាម្តាយជនរងគ្រោះ អាយុ ៦៤ឆ្នាំ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៧.១១.២០១៩ វេលាម៉ោង២៣ ជនរងគ្រោះជាកូនគាត់ឈ្មោះ ទួន សារិទ្ធ បានចេញពីផ្ទះ ទៅរកត្រីមកធ្វើម្ហូប ដោយមានកាន់ស្នរ និងពាក់ភ្លើងពិលកែវជាប់ក្បាល ហើយក៏បាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញ ។ ដោយឡែក ឈ្មោះ យ៉ន ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រែខ្ញែ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ បានបំភ្លឺថា នៅថ្ងៃទី កាលពីវេលាម៉ោង២៤ និង០០នាទីយប់ថ្ងៃ១៧.១១.២០១៩ រូបគេ បានពឹងមិត្តភក្តិ២នាក់ គឺឈ្មោះ ណុល ស៊ីណេត ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះយ៉ាង សុខជា ហៅ ផ្លឺម ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអង្គដាច់កណ្តាល ឃុំពោធិ៍ម្រាល ឲ្យជូនទៅផ្ទះ ។ ពេលដើរដល់ខាងជើងស្ពានឆេះ ខាងជើងភូមិ ក៏បានជួបជនរងគ្រោះឈ្មោះ ទួន សារិទ្ធ ហៅ ណុច ពេលនោះជនរងគ្រោះ ក៏បបួលពួកគេដើរឆ្លុះត្រី ដើរដល់ខាងជើងស្រែអង្រុក ឈ្មោះ ផ្លឺម ដើរបែកពីពួកខ្លួន។ បន្ទាប់មកឈ្មោះ ណុល ស៊ីណេត ដើរបែកពីរូបគេ និងជនរងគ្រោះឈ្មោះ ទួន សារិទ្ធ ហៅ ណុច នេះទៀត ។ ពេលដល់ប្រឡាយខាងកើតផ្លូវ៤១ ជនរងគ្រោះបានឲ្យខ្លួនចាំ នៅទីនោះ ដោយប្រាប់ថាទៅមើលអន្លង់ត្រី មួយភ្លែត លុះចាំយូរពេក ខ្លួនក៏ដើរមកផ្ទះតែម្តងទៅ ។


ក្រោយការពិនិត្យ និងធ្វើកោសល្យវិច័យ ព្រមទាំងមានការស្រាវជ្រាវ ស៊ើបអង្កេត ជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចជមនាញសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះ គឺស្លាប់ដោយសារស្ទះសរសៃឈាមបេះដូង (ខ្យល់គ) និងបានប្រគល់សពឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕