ខេត្តសៀមរាប៖ ជនជាតិចិនចំនួន២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចបាយ័នប៊ូទិកអូតែល ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។


សមត្ថកិច្ចបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានបុរសជនជាតិថៃម្នាក់ស្នាក់នៅបន្ទប់ បាយ័ន ប៊ូទិកអូតែល បានមកជួលម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក សេរីឆ្នាំ២០១២ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខបាត់ដំបង១L-៩៣៤៣ ចំនួនពីរថ្ងៃ ក្នុងមួយថ្ងៃតម្លៃ១០ដុល្លារ ពីក្រុមហ៊ុន វិមានណេរ ទួរ ។ លុះព្រឹកឡើងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទីព្រឹក បុរសជនជាតិខាងបានខលមកប្រាប់ម្ចាស់ក្រុមហ៊ុនទួ ថា ម៉ូតូដែលខ្លួនបានជួលនោះត្រូវចោរលួចបាត់ហើយ ទើបម្ចាស់ក្រុមហ៊ុនទួរ បានពិនិត្យមើលGPSដែលចាប់ជាប់នឹងម៉ូតូ ឃើញកំពុងធ្វើដំណើរនៅភ្នំពេញ ទើបប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។


បន្ទាប់ពីទទួលបានបណ្តឹង កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ធ្វើការប្រមាញ់ ចាប់បានជនសង្សយ័២នាក់ជនជាតិចិន និងម៉ូតូជាវត្ថុតាងតែម្តង ហើយឆែកឆេរ រកឃើញឧបករណ៍ អាចគាស់ទូដែកបាន ឧបករណ៍កាច់សោរម៉ូតូ និងខ្សែភ្លើងសម្រាប់ឆក់ សម្រាប់កាត់ ផងដែរ។
ជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់តាមនីតិវិធីច្បាប់ ៕