ខេត្តក្រចេះ៖ បុរសម្នាក់ ក្រោយពីអង្គុយព័ទ្ធវង់ផឹកស្រាជាមួយមិត្តឡើងស្រវឹងជោកជាំ ពេលត្រឡប់មកដល់ផ្ទះ បានកើតមានជម្លោះជាមួយប្រពន្ធ ធ្វើឲ្យភ្លើងកំហឹងឆាបឆេះឡើងមួយរំពេច ក៏ទាញប៊ីដុងសាំងចាក់ចូលម៉ាស៊ីនត្រង់សឺន័រ បំណងអារផ្តាច់សសរផ្ទះខ្លួនឯងចោល ។ ឃើញដូចនេះ ស្រ្តីជាប្រពន្ធបានចូលទៅចាប់ទាញប៊ីដុងសាំងចេញ ត្រូវសាំងកំពប់លើពេញខ្លួនប្រាណ ពេលនោះបុរសជាប្តីមិនទាន់អស់កំហឹង ក៏យកដែកកេះទៅដុតម៉ាស៊ីនត្រង់សឺន័រចោល តែអណ្តាតភ្លើងឆ្លងឆាបឆេះស្រ្តីជាប្រពន្ធយ៉ាងសន្ធោសន្ធៅរងរបួសធ្ងន់។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីកាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិមាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល។


ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ឈុំ ស្រីនាង អាយុ៣៣ឆ្នាំ ចំណែកបុរសជាប្តី មានឈ្មោះ កែវ ប៊ុនឡុង អាយុ៣៨ឆ្នាំ។ អ្នកទាំង២ មានកូនប្រុសស្រីចំនួន៣នាក់ និងរស់នៅក្នុងមូលដ្ឋានខាងលើជាមួយគ្នា។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីបានផឹកស្រាឡើងស្រវឹងដាប ពេលមកដល់ផ្ទះ ស្រ្តីរងគ្រោះជាប្រពន្ធ បានដេញឲ្យទៅជៀរជ័រកៅស៊ូ ទើបបង្កឲ្យមានការឈ្លោះប្រកែកគ្នា ។ ពេលនោះបុរសជាប្តីបានយកសាំងចាក់ម៉ាស៊ីនត្រង់សឺន័រ អារផ្តាច់សរសរផ្ទះខ្លួនឯងចោល តែត្រូវប្រពន្ធស្ទុះចាប់ប៊ីដុងសាំងចេញ ធ្វើឲ្យកំពប់សាំងលើខ្លួន ហើយបុរសប្តីយកដែកកេះប៉ុនប៉ងដុតម៉ាស៊ីនត្រង់សឺន័រ ក៏ឆេះរាលមកលើរាងកាយប្រពន្ធយ៉ាងសន្ធោសន្ធៅ។


ប្រភពបន្តថា ពេលឃើញភ្លើងឆេះប្រពន្ធបែបនោះ បុរសជាប្តីបានរត់ទៅបីប្រពន្ធទម្លាក់ចូលពាងទឹក ទើបស្រ្តីរងគ្រោះគេចផុតពីសម្តេចយមរាជបាន គ្រាន់តែរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ។
សមត្ថកិច្ច បញ្ជាក់ថា កន្លងមកគ្រួសារនេះមិនធ្លាប់កើតមានជម្លោះ ហិង្សាក្នុងគ្រួសារឡើយ ហើយករណីនេះ បុរសជាប្តីក៏មានចេតនាដុតប្រពន្ធដែរ ទើបសមត្ថកិច្ចសម្រេចមិនឃាត់ខ្លួនបុរសជាប្តី៕