ខេត្តពោធិ៍សាត់៖ បុរសជាឪពុកចុងជើងខ្លាំងម្នាក់ ក្រោយទំនាស់ពាក្យសម្ដីគ្នាបន្តិចបន្តួចនៅក្នុងគ្រួសារ ស្រាប់តែហានក្លា ទាញកាំបិតកាប់កូនស្រីដើមបណ្ដាលឲ្យរងរបួសធ្ងន់ ។ ប៉ុន្មានម៉ោងក្រោយមក ត្រូវកម្លាំងនគរបាលស្រុកវាលវែង ចាប់ក្រៀកដាក់ខ្នោះយកទៅចាត់ការតាមច្បាប់។


ហេតុការណ៍ហិង្សាដោយចេតនានេះ បានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទី ព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ។
ជនដៃដល់ជាឪពុកចុង ឈ្មោះ ជឹម ភារម្យ អាយុ៣៦ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុ ។ ចំណែកជនរងរបួសជាកូនស្រីដើមឈ្មោះ ប៊ិន ជិន អាយុ២៦ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ។


តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ជាឪពុកចុងមានទំនាស់ពាក្យសម្ដីក្នុងគ្រួសារ ស្រាប់តែហានក្លា ទាញកាំបិតកាប់កូនស្រីដើមបណ្ដាលឲ្យរងរបួសធ្ងន់ រួចបានរត់គេចចូលព្រៃបាត់ ។ លុះល្ងាចថ្ងៃដដែល ពេលត្រឡប់ចូលមកផ្ទះវិញ ក៍ត្រូវសមត្តកិច្ចក្របួចជាប់ នាំយកទៅចាត់ការតាមនីតិវិធី ៕