នៅ​ក្នុង​ឱកាស អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​កម្ពុជា ចូលរួម​ការ​ប្រកួត​កីឡា SEA Games លើក​ទី​៣០ នៅ​ប្រទេស​ហ្វី​លី​ពី​ន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជ​ណា​ច្រក​ម្ពុ​ជា បាន​មាន​ប្រសាសន៍​ថ្វាយ​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ ជាមួយ​ព្រះ​មហាក្សត្រី​វររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហ​នុ ចំពោះ​ការ​បាត់បង់​ព្រះរាជ​បុត្រី​ច្បង គឺ​សម្តេច​រាជបុត្រី​ព្រះ​រាម នរោត្តម បុប្ផា​ទេវី ដែល​ព្រះ​អង្គ​បាន​យាង​សោយ​ទីវ​ង្គ​ត កាល​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ ៧៧​ព្រះ​វស្សា ។

ថ្ងៃនេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ពិតជា​មានការ​សោកស្តាយ ចំពោះ​ការ​បាត់បង់​ទ្រង់​ដ៏​ធំធេង​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ​របស់​យើង ពីព្រោះ​ព្រះ​អង្គ​បាន​ចូលរួម​កិច្ច​ការងារ​ជា​ច្រើន​ក្នុង​សង្គម ជា​ពិសេស​ការ​លើកតម្កើង​តម្លៃ​សិល្បៈ​វប្បធម៌​ខ្មែរ ហើយ​ព្រះ​អង្គ​ក៏​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ផង​ដែរ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​កំណត់​យក​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​គោរព​វិញ្ញាណក្ខន្ធ​របស់​ទ្រង់ ហើយ​ក៏​បាន​ប្រកាស​អោយ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ និង​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​របស់​ទ្រង់ គឺ​នៅ​កម្ពុជា​ទាំងមូល​ត្រូវ​ទម្លាក់​ទង់ជាតិ​ពាក់កណ្តាល​ដង ដើម្បី​ធ្វើ​ពិធី​កាន់ទុក្ខ​ក្នុង​រយៈពេល ១​ថ្ងៃ ៕