ប្រធាន​សមាគម​ផលិត​អំបិល​ខេត្តកំពត និង​កែប លោក ប៊ុ​ន បារាំង បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ​ថា កម្ពុជា​បាន​នាំ​ចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា ក្នុង​បរិមាណ​ប្រហែល ៥,០០០​តោន ហើយ​មក​ដល់​ពេល​នេះ​បរិមាណ​អំបិល​ក្នុង​ស្តុក​សល់​ប្រហែល​ជាង​៥០០​តោន ​តែ​ប៉ុណ្ណោះ ។

នេះ​ជា​លើក​ទី​១ ហើយ​ដែល​កម្ពុជា បាន​នាំ​ចូល​អំបិល​ពី​ប្រទេស​ឥណ្ឌា មក​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ខណៈ​ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​បាន​ជួប​បញ្ហា​ខ្វះ​អំបិល ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ បាន​នាំ​ចូល​អំបិល​ពី​ក្រៅប្រទេស​៣​ម៉ឺន​តោន ក្នុង​នោះ​ចិន​២​ម៉ឺន​តោន និង​ថៃ​១​ម៉ឺន​តោន ។

លោក​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ផ្លាស់​ប្តូរ​ទៅ​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ដោយសារ​កន្លែង​ផលិត​អំបិល​នៅ​ប្រទេស​ចិន ជួប​គ្រោះ​ទឹកជំនន់​ដែល​ធ្វើ​ឲ្យ​ការ​ផលិត​របស់​ពួក​គេ​ធ្លាក់​ចុះ និង​មាន​តម្លៃ​ខ្ពស់​ជាង​មុន ។

លោក ប៊ុ​ន បារាំង លើក​ឡើង​ថា «​អំបិល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា គឺ​មានគុណ​ភាពល្អ និង​តម្លៃ​សមរម្យ ប្រមាណ​៩៥​ដុល្លារ ក្នុង​១​តោន ដែល​ជា​តម្លៃ​ប្រហាក់ប្រហែល​នឹង​អំបិល​ផលិត​ក្នុងស្រុក ហើយ​តម្លៃ​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​អ្នក​ផលិត​ក្នុងស្រុក​ទេ​» ។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​អះអាង​ដដែល​ថា ៖ «​នៅ​ពេល​ដែល​យើង​ផលិត​អំបិល​បាន​វិញ យើង​នឹង​ប​ឈ្ឈប់​ការ​នាំ​ចូល​ពី​បរទេស ។ គ្មាន​នរណា​ម្នាក់​ក្នុង​សហគមន៍​យើង​ចង់​នាំ​អំបិល​គេ​ចូល​នោះ​ទេ ប៉ុន្តែ​ការ​ដោយសារ​តែ​កម្ពុជា​ជួប​បញ្ហា​អាកាសធាតុ​មិនល្អ ដោយ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ពេក ក្នុងអំឡុងពេល​ផលិត និង​ប្រមូល​ផល ធ្វើ​ឲ្យ​ទិន្នផល​អំបិល​នៅ​កម្ពុជា​ធ្លាក់​ចុះ​ប្រមាណ​ជា​បី​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ ទើប​យើង​សម្រេច​នាំ​ចូល​ពី​បរទេស ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​» ។

សូម​ជម្រាប​ថា ក្នុង​មួយ​ឆ្នាំ​ៗ កម្ពុជា​មាន​តម្រូវការ​អំបិល​ប្រើប្រាស់ ប្រមាណ​១០​ម៉ឺន​តោន​ ។ ហើយ​បច្ចុប្បន្ន​ស្រែអំបិល​នៅ​កំពត​-​កែប មាន​ផ្ទៃដី​ជាង​៤,៦០០​ហិ​កតា អាច​ផលិត​អំបិល​បាន​ប្រហែល​ជាង ៣០,០០០ តោន ក្នុង​១​ឆ្នាំ ៕