ខេត្តកោះកុង៖ នាយប៉ុស្តិ៍រដ្ឋបាលស្រែអំបិល រងការចោទប្រកាន់ថាបានបើកដៃឲ្យក្រុមក្មេងស្ទាវធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានតាមអំពើចិត្ត ជាថ្នូរនឹងទទួលលាភសក្ការៈប្រចាំខែពីក្រុមក្មេងស្ទាវ ក្នុងម្នាក់២០០ដុល្លារ ទៅ៣០០ដុល្លារ ។
មេប៉ុស្តិ៍ដុះស្លែដែលរងការចោទប្រកាន់នោះ គឺលោកស័ក្កិបី ខាំ វង្ស ជានាយប៉ុស្តិ៍រដ្ឋបាលស្រែអំបិល ស្រុកស្រែអំបិល។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា លោកនាយប៉ុស្តិ៍ស័ក្កិបី ខាំ វង្ស បានបើកដៃឲ្យក្រុមក្មេងស្ទាវជក់និងជួញ ដូរសារធាតុញៀន និង បទល្មើសផ្សេងៗទៀតយ៉ាងអនាធិបតេយ្យ ជាថ្នូរនឹងការទទួលបានលាភសក្ការៈ ប្រចាំខែពីក្រុមក្មេងស្ទាវទាំងនោះ ក្នុងម្នាក់២០០ដុល្លារ ទៅ៣០០ដុល្លារ ។ បើក្មេងស្ទាវណាមិនបង់លុយឲ្យទេ មេប៉ុស្តិ៍រូបនេះនឹងគំរាមថា អញនឹងចាប់ពួកអ្ហែងដាក់គុក។


ប្រជាពលរដ្ឋដដែលបានបន្ថែមទៀតថា មិនមែនមានត្រឹមតែប៉ុណ្ណឹងនោះទេ អ្វីដែលគួរឲ្យហួសចិត្តដែរនោះគឺ រាល់ពេលគេអញ្ជើញទៅកម្មវិធីបុណ្យ កម្មវិធីការផ្សេងៗ លោកនាយប៉ុស្តិ៍ម្នាក់នេះ តែងតែដើរទៅ សុំលុយក្រុមក្មេងស្ទាវធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាននោះ ដើម្បីយកលុយទៅចងដៃចូលរួមក្នុងពិធីនោះ ដោយគ្មានគិតពីកិត្តិយស ឬមុខមាត់របស់ខ្លួនឡើយ។
តាមប្រភពព័ត៌មានមួយទៀត បានឲ្យដឹងថា កាលពីអ្នកជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះ ប៊ូ ងែត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅស្រុកស្រែអំបិល លោកមេប៉ុស្តិ៍រូបនេះ បានជំរិតទាលុយពីឈ្មោះ ប៊ូ ងែត យកទៅទិញម៉ូតូ១គ្រឿង ដើម្បីជាការដោះដូររកស៊ីជួញដូរគ្រឿងញៀនក្នុងឃុំស្រែអំបិល ។បច្ចុប្បន្ន ឈ្មោះ ប៊ូ ងែត ត្រូវបានសមត្ថកិច្ចចាប់ឃុ ខ្លួននៅភ្នំពេញ និងផ្តន្ទាទោសជាប់ពន្ធធនាគារនៅ ព្រៃស ពីបទជួញដូរគ្រឿងញៀន ហើយ ។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បាននិយាយតៗគ្នាថា តាំងពីលោក ខាំ វង្ស ឡើងធ្វើជានាយប៉ុស្តិ៍នគរបាលស្រែអំបិល ជាយូរឆ្នាំមកហើយ ប្រជាពលរដ្ឋពុំដែលឃើញចាប់ឬឃាត់ខ្លួនបានក្រុមអ្នកចែកចាយថ្នាំ ញៀនបានម្នាក់នោះទេ បែរជាមានសមត្ថកិច្ចមកពីស្រុកបុទុមសាគរ បានមកចុះចាប់ជនសង្ស័យជួញដូរគ្រឿងញៀន នៅស្រុកស្រែអំបិល នេះទៅវិញ។
ទាក់ទងករណីនេះ លោកកែវ ប៊ូ រី ហៅ វែង ទើបតែកាន់តំណែងអធិការស្ដីទីស្រុកស្រែអំបិល ក្រោយពីលោកអធិការ ម៉ា ទី មានជម្ងឺនើ បានប្រាប់អ្នកយកព័ត៌មានថា លោកបានឮពលរដ្ឋនិយាយតាំងពីលោក មិនទាន់ឡើងជាអធិការស្ដីទីដែរ ថា លោកនាយប៉ុស្តិ៍ឈ្មោះ ខាំ វង្ស នេះ មានរឿងរ៉ាវពាក់ព័ន្ធបទល្មើសផ្សេងៗជាច្រើនណាស់ ។ តែរឿងនេះ លោកមិនអាចនិយាយបានទេ ទុកឲ្យថ្នាក់លើដោះស្រាយទៅចុះ ពីព្រោះលោកនាយប៉ុស្តិ៍ម្នាក់នេះ គ្មាននរណានិយាយស្ដាប់ទេ ពីព្រោះគេមានខ្សែធំណាស់។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ kbn រង់ចាំទទួលការបំភ្លឺពីលោកមេប៉ុស្តិ៍ ខាំ វង្ស គ្រប់ពេល៕