ភ្នំពេញ៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រទី១ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា ជាមួយអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ទ្រង់ប្រសូតនៅប្រាសាទខេមរិន្ទ្រ នៃព្រះបរមរាជវាំង នាថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣។ ប្រសូតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ ។
កាលវ័យកុមារព្រះនាងបានចូលសិក្សានៅសាលាបឋមសិក្សាសុធារស។ ទន្ទឹមនឹងនោះដែរ ព្រះនាងក៏បានចាប់ផ្តើមហាត់រាំរបាំព្រះរាជទ្រព្យនៅក្នុងព្រះបរមរាជវាំង ដូចព្រះមាតាផងដែរ។


ក្រោយពីបញ្ចាប់ការសិក្សានៅសាលាបឋមសិក្សាសុធារស ព្រះនាងបានបន្តការសិក្សានៅអនុវិទ្យាល័យព្រះនរោត្តម និងបានក្លាយជាអ្នករាំរបាំព្រះរាជ្យទ្រព្យដ៏ល្បីល្បាញបំផុតចាប់ពីព្រះជន្ម១៥វស្សា មក។
-១៩៦៥-១៩៧០៖ ជាសាស្ត្រាចារ្យរបាំបុរាណ និងវប្បធម៌
-១៩៩១-១៩៩៣៖ ជារដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤៖ ព្រះនាងត្រូវបានតំឡើងងារជា «សម្ដេចរាជបុត្រីព្រះរៀម»
-១៩៩៣-១៩៩៨៖ ជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-១៩៩៣-១៩៩៧៖ ជាអនុប្រធានកាកបាទក្រហមជាតិកម្ពុជា
-១៩៩៩-២០០៤៖ ជារដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ
-១៥ មីនា ២០០៦៖ ទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា
-២២ តុលា ២០០១៖ ទទួល គ្រឿងឥស្សរិយយសសម្ដេចព្រះមហាក្ស័ត្រីយ៍ កុសុមៈនារីរ័ត្ន សេរីវឌ្ឍនា
-ក្នុងខែមករា ២០១៣ សម្តេចព្រះរាជបុត្រី នរោត្តម បុប្ផាទេវី ដែលជា «ទេពនាថវត្តីឯក» បានទទួលព្រះគោរមងារជា «មរតកមនុស្សរស់» ថ្វាយដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង អង្គការយូណេស្កូកម្ពុជា។


មុននេះបន្តិច ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីជូនដំណឹងផ្លូវការអំពីការសុគតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី ថាព្រះនាងបានសុគតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា៕
ក្រុមប្រឹក្សាធម្មនុញ្ញ មានទុក្ខជាទម្ងន់ដោយសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានសុគតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា៕