រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ពេលនៅក្នុងវីដេអូឃ្លីប ធ្វើជាតួសម្តែងអប់រំគេល្អណាស់ តែខាងក្រៅឆាកវិញ តាមពិតជាមុខសញ្ញាចោរឆក់សោះ លុះពេលចេញធ្វើសកម្មភាពឆក់ទូរស័ព្ទតាមផ្លូវ ត្រូវពលរដ្ឋព័ទ្ធចាប់បាន ហើយបញ្ចេញកំហឹងម្នាក់១ដៃ ម្នាក់១ជើងបណ្តាលឲ្យរងរបួសយ៉ាងដំណំ។
ករណីចោរកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៣៥នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតម្ដុំបុរី ប៉េង ហួត តាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។


សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យជាចោរឆក់ អស់លក្ខណ៍នេះ មានឈ្មោះលី តុលា ភេទប្រុស អាយុ១៩ឆ្នាំ។ មុនពេលកើតហេតុ ជនសង្ស័យជិះម៉ូតូម៉ាក Honda Scoopy ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HC-6084 លុះមកដល់ចំណុចខាងលើ ស្រាប់តែធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក Oppo មួយគ្រឿង ពីនារីម្នាក់ កំពុងជិះលើកង់បី តែមិនបានសម្រេច ហើយបានទាក់ដៃចង្កូតគ្នា បណ្ដាលឲ្យក្រឡាប់កង់បី។ ពេលនោះ ជនសង្ស័យបានព្យាយាមលើកម៉ូតូរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋនៅទីនោះ នាំគ្នាចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។


សូមបញ្ជាក់ ជនសង្ស័យខាងលើនេះ ជាតួសម្ដែងវីដេអូឃ្លីអប់រំល្អៗ និងកម្សាន្តក្នុងបណ្ដាញសង្គមហ្វេសប៊ុកគណនី ឈ្មោះ La Big II Offcial ដែលមានអ្នកគាំទ្រច្រើន តែធាតុពិតនៅខាងក្រៅវិញ គឺជាមុខសញ្ញាចោរកម្មសោះ៕