ក្រៅពីភាពរីកចម្រើននៃវិស័យទេសចរណ៍ កម្ពុជាក៍ជាប្រទេសដែលត្រូវបានបណ្តាប្រទេសនានាជុំវិញពិភពលោក ចាប់អារម្មណ៍ខ្លាំងទៅលើវិស័យសេដ្ធកិច្ច ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យរបស់កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សំគាល់ ។

ERA គឺជាភ្នាក់ងារអចលនទ្រព្យលំដាប់កំពូលមួយរបស់សហរដ្ឋអាមេរិក ដែលមានកិត្តិនាមល្បីល្បាញទូទាំងពិភពលោក។ ភ្នាក់ងារអចលនទ្រព្យដ៏ធំមួយនេះក៏បានពង្រីកខ្លួនចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ហើយកាលពីពេលថ្ងៃទី១១វិច្ឆិកាឆ្នាំ២០១៩ថ្មីៗកន្លងទៅ ERA CAMBODIA ត្រូវបានបើកសម្ពោធផ្លូវការ ក្រោមវត្តមាន លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន និងមានការអញ្ជើញចូលរួមពីសំណាក់ CEO មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកវិនិយោទុនសំខាន់ៗ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណជាង៣០០នាក់។

លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA បានបង្ហាញសុទិដ្ឋិនិយមក្នុងថ្ងៃសម្ពោធក្រុមហ៊ុនជាផ្លូវការថា៖ “ យើងពិតជាមានមោទនភាពដែលក្រុមហ៊ុន ERA ទទួលបានការជឿទុកចិត្តខ្លាំងបំផុតពីសំណាក់ ម្ចាស់គម្រោង អ្នកអភិវឌ្ឍ អ្នកវិនិយោគ និងភ្នាក់ងារលក់”។

លោកបន្តថា៖ “ ERA ជាក្រុមហ៊ុនដ៏ធំលំដាប់ពិភពលោក ហើយយើងមានបទពិសោធន៍ជាភ្នាក់ងារលក់ខុនដូរដែលឈានមុខគេក្នុងប្រទេសកម្ពុជា យើងស្វាគមន៍គ្រប់ភ្ញៀវដែលចង់ក្លាយជាភ្នាក់ងារលក់បន្ត អតិថិជនដែលចង់ទិញខុនដូ និងវិនិយោគទុនទាំងអស់ដែលចាប់អារម្មណ៍ចង់លក់គម្រោងខុនដូររបស់ខ្លួនអាចទាក់ទងមកកាន់ភ្នាក់ងារ ERA ដែលនៅជិតលោកអ្នកបំផុត”។

គួរបញ្ជាក់ថា កម្ពុជា គឺជាប្រទេសទី៩ ដែលត្រូវបានបញ្ចូលក្នុងបណ្ដាញអាស៊ីប៉ាស៊ីហ្វិករបស់ ERA បន្ទាប់ពីទទួលបានការណែនាំ និងស្វាគមន៍យ៉ាងកក់ក្ដៅក្នុងសន្និសីទពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកកាលពីឆ្នាំ២០១៨ ដែលប្រារព្ធធ្វើនៅប្រទេសសិង្ហបុរី។ ការឈានជើងចូលក្នុងវិស័យអលចនទ្រព្យនៅកម្ពុជា ក៏ព្រោះតែ ERA មានសុទិដ្ឋិនិយមខ្ពស់ចំពោះចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះ។

បច្ចុប្បន្ន ERA មានវត្តមាននៅក្នុងរដ្ឋចំនួន ៤៥ របស់សហរដ្ឋអាមេរិកនិង ៣១ ប្រទេសលើពិភពលោក ព្រមទាំងមានការិយាល័យចំនួន ២,២៥០កន្លែង និងសាខាចំនួន ៣៩,៥៥៧ នៅទូទាំងពិភពលោក។

បច្ចុប្បន្នក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA មានសមាជិកដែលជាភ្នាក់ងារលក់ជាង២០០នាក់ កំពុងប្រតិបត្តិការលក់យ៉ាងសកម្មទូទាំងប្រទេស ហើយកន្លងមកនេះ បានពង្រឹងកិត្យានុភាពរបស់ខ្លួនដោយបានចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនល្បីៗ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីអភិវឌ្ឍវិស័យអលចនទ្រព្យនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ៕