ខេត្តកំពង់ធំ៖ ស្រីវ័យចំណាស់ម្នាក់មានជំងឺឡើងឈាមរ៉ាំរ៉ៃ កំពុងឈរអាំងភ្លើង ស្រាប់តែដួលទៅលើភ្នក់ភ្លើងបណ្ដាលឲ្យរលាកស្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៦.០០នាទីព្រឹក ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិគោកស្រុក ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ។ជនរងគ្រោះឈ្មោះ ស៊ុន ពោ ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិឃុំខាងលើ។


តាមការបំភ្លឺរបស់ឈ្មោះ ហោ ជា ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាកូនបង្កើត បានឲ្យដឹងថា ម្ដាយគាត់មានរោគឡើងឈាម លេបថ្នាំរាល់ថ្ងៃ ។ មុនពេលកើតហេតុ ម្ដាយគាត់បានចូលដេក ហើយនិយាយថា មិនស្រូលខ្លួន ។ លុះដល់ព្រលឹមស្រាងៗ វេលាម៉ោងប្រហែល ៥និង១០នាទី គាត់និងប្ដីបានឮសំឡេងម្ដាយថ្ងូរ តែរកមើលលើផ្ទះមិនឃើញ ភ្លាមនោះ គាត់បានចុះមកដី បានឃើញម្ដាយនៅក្នុងភ្នក់ភ្លើងឆេះមួយកំណាត់ខ្លួន និងដៃរួញ និងជើង នៅដង្ហើមតិចៗ ភ្លាមនោះគាត់បានស្រែកហៅប្ដី និងអ្នកជិតខាងមកជួយសែងឡើងលើផ្ទះ បានប្រហែល៥នាទី ក៍បានដាច់ដង្ហើមស្លាប់ ។


ក្រោយពេលកើតហេតុ កម្លាំងជំនាញនគរបាលស្រុក និងនគរបាលប៉ុស្ដិ៍តាំងក្រសៅ និងលោកគ្រូពេទ្យមណ្ឌលសុខភាព ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យសាកសព ដោយឃើញមានស្នាមភ្លើងឆេះមួយចំហៀងខ្លួន និងឆេះដៃ ជើងខ្លោចរួញ ក្រៅពីពីនេះពុំឃើញមានអ្វីទៀតឡើយ ដែលអាចសន្និដ្ឋានបានថា ការស្លាប់នេះដោយសារជំងឺឡើងឈាម ដួលទៅលើភ្នក់ភ្លើង ដែលកំពុងឆេះ ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ហើយសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕