រាជធានីភ្នំពេញ៖ ជនជាតិចិន២នាក់ប្ដីប្រពន្ធជិះម៉ូតូឌុបគ្នា មកពីទិញសាច់ជ្រូក ត្រូវចោរមួយក្រុមបើកម៉ូតូ៣គ្រឿង មកធ្វើសកម្មភាពឆក់កាបូប បានសម្រេចរួចនាំគ្នាបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចគល់ស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។


មុនកើតហេតុគេឃើញ ជនជាតិចិន២នាក់ប្ដីប្រពន្ធ បើកម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HD-9073ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុង ទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមកពីក្រោយ រួចបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជាប្រពន្ធ ដែលអង្គុយនៅខាងក្រោយ បានសម្រេច ហើយបណ្ដាលឲ្យដួលម៉ូតូរបួសទាំង២នាក់ប្ដីប្រពន្ធ ឯក្រុមជនសង្ស័យ នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។


ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងលើកម៉ូតូជនរងគ្រោះទៅជាមួយបាត់អស់ហើយ ទើបឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ សួរនាំគេឯងនៅកន្លែងកើតហេតុ៕