ខេត្តព្រះសីហនុ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដល់ អ្នកគាំទ្រអតីតគណបក្សប្រឆាំង ដែលទើបរួចពីពន្ធនាគារថា ពួកគេប្រឈមនឹងចាប់ខ្លួនវិញ ប្រសិនបើពួកគេបន្តធ្វើសកម្មភាពមិនគប្បី ហើយនិយាយថា រដ្ឋាភិបាលរងសម្ពាធអន្តរជាតិ។


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នៅពេលសម្ដេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា៖ ពួកគេមិនត្រូវធ្វើសកម្មភាពដែលគួរឲ្យកត់សម្គាល់នោះឡើយ ជាពិសេសការនិយាយថា សម្តេចរងសម្ពាធអន្តរជាតិ។សម្រាប់បងប្អូនដែលត្រូវដោះលែងឲ្យនៅក្រៅឃុំ រឿងក្តីអត់ទាន់បញ្ចប់ទេ អ្នកណាចូលរួមអ្នកនោះមានបញ្ហា។
សម្តេច ហ៊ុន សែន អះអាងថា អ្នកទាំងនោះជាប់រឿងក្តីចំនួន២គឺ បទញុះញង់បង្កឲ្យមានចលាចល ដែលប្រឈមជាប់គុកពី១ ទៅ៣ឆ្នាំ រីឯរឿងទីពីរ គឺទាក់ទងនឹងរដ្ឋប្រហារ ដែលប្រឈមជាប់ពី១០ ទៅ៣០ឆ្នាំ។ បើពួកគេបន្តធ្វើសកម្មភាព ត្រឹម៣ថ្ងៃ សម្តេចអាចបញ្ជាឲ្យប្រមូលមកវិញទាំងអស់ ក្រោមហេតុផលសន្តិសុខជាតិ។


កន្លងមក អ្នកគាំទ្រអតីតគណបក្សប្រឆាំងជាង៨០នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោមការសង្ស័យថា បានចូលរួមធ្វើរដ្ឋប្រហារជាមួយក្រុមអ្នកប្រឆាំង ដែលមានលោកសម រង្សី ជាមេដឹកនាំ។
កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ងត៍នៅខេត្តកំពត សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យសហការជាមួយតុលាការ ពិសេសជាមួយព្រះរាជអាជ្ញា ដើម្បីឲ្យដោះលែងរាល់អ្នកទាំងនោះ។ទោះបីជាយ៉ាងណាក៏ដោយ ក៍មនុស្ស១៨នាក់ មិនត្រូវបានលើកលែងឡើយ ដោយសារតែពួកគេជាមេខ្លោង៕