រាជធានីភ្នំពេញ៖ នារីម្នាក់ ត្រូវចោរធ្វើសកម្មភាពលួចម៉ូតូយកទៅបាត់ស្រមោល ហើយនាងបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទុកចោលប៉ុណ្ណោះ តែដឹងអី ! រយៈពេល១ឆ្នាំក្រោយមក គឺនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្រាប់តែនាងបានប្រទះឃើញម៉ូតូរបស់ខ្លួនវិញ នៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង តាមផ្លូវបេតុង ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ក៏ធ្វើដំណើរទៅរកសមត្ថកិច្ចជួយអន្តរាគមន៍ ។


ម៉ូតូដែលចោរលួចបាត់១ឆ្នាំ ហើយម្ចាស់ប្រទះឃើញវិញនេះ ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GZ-1254 ដែលមានម្ចាស់ដើមឈ្មោះ ចក់ សុខឃីម ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម និងមានស្រុកកំណើត ភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
នារីម្ចាស់ដម៉ូតូ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានជនសង្ស័យម្នាក់មកធ្វើសកម្មភាពកាច់សោ.ក ម៉ូតូ(ម៉ូតូខាងលើ) របស់នាងយកទៅបាត់ ដោយទាំងកាតគ្រី និងឯកសារផ្សេងៗ នៅក្រោមកែបផងដែរ។ ពេលនោះ នាងបានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សំរោងក្រោម និងតាមរកម៉ូតូតែមិនឃើញទេ។
នារីខាងលើបន្តថា លុះនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាងបានប្រទះឃើញម៉ូតូរបស់នាងដែលចោរលួចយកទៅនោះ នៅយានដ្ឋានជួសជុលរថយន្ត ក៏ប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍តែម្តង។


ចំណែក សមត្ថកិច្ចប៉ុស្តិ៍សំរោងក្រោម បានឲ្យដឹងថា នារីខាងលើ ពិតជាបានដាក់ពាក្យបណ្តឹងតម្កល់ទុកនៅប៉ុស្តិ៍ ជុំវិញករណីចោរលួចម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GZ-1254 របស់នាង ពិតប្រាកដមែន ។
ដោយឡែក បុរសឈ្មោះ ថន ភ័ក្រ អាយុ៣២ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលភូមិក្បាលដំរី២ សង្កាត់កាកាប២ មានស្រុកកំណើត ភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ដែលជាម្ចាស់ថ្មីម៉ូតូខាងលើ បានអះអាងថាគាត់បានទិញម៉ូតូនេះ ពីអ្នកលក់ម៉ូតូ នៅម្តុំគិរីរម្យ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ដោយមានឯកសារ ទិញលក់ត្រឹមត្រូវ និងមានឯកសារសម្គាល់ម៉ូតូទៀត (កាតគ្រី) ក្នុងតម្លៃ១២៥០ដុល្លារ។ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែនារីខាងលើ មកអះអាងថា ម៉ូតូនេះ ជាប់របស់នាង ដែលចោរលួចកាលពី១ឆ្នាំមុនទៅវិញ គាត់អត់យល់ទេ។
ជុំវិញករណីនេះ សមត្ថកិច្ចជំនាញហៅភាគីទាំង២ ទៅសាកសួរ ដើម្បីដោះស្រាយគ្នាតាមនីតិវិធី ៕