ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី ប្រសូត្រថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩២២ ដំណាលនឹងព្រះមហាក្សត្រនរោត្តម សីហនុ ដែរ។ ទ្រង់ជាបុត្រារបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ រដ្ឋារី (ប្រសូត្រឆ្នាំ១៨៧៨ សុគត ឆ្នាំ១៩៤៦) និងអ្នកម្នាង ទ្រឿង យឿន។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី នេះជាប្អូនបង្កើតរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ដែលរួមគំនិតជាមួយលោកលន់ នល់ ក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ចេញពីអំណាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី មកកញ្ញាអាន ម៉ារី អ៊ីហ្ស៊ី បានដូរឈ្មោះមកជាអ្នកម្នាងស៊ីសុវត្ថិ ណាណែត មេថាវី វិញ។

សម្តេចឪ និងសម្តេចម៉ែ កាលសម័យទសវត្សរ៍ឆ្នាំ១៩៥០

អ្នកម្នាងមានបុត្រ៦អង្គ គឺទី១ ព្រះអង្គម្ចាស់ស៊ីសុវត្ថ ធម្មិកោ ប្រសូត្រថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៥២។ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ចេញពីអំណាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ព្រះអង្គម្ចាស់ស៊ីសុវត្ថ ធម្មិកោ មិនបានចាកចេញពីប្រទេស ទៅរស់នៅជាមួយបិតាស៊ីសុវត្ថិ មេថាវី និងអ្នកម្នាងស៊ីសុវត្ថិ ណាណែត ជាមាតា ដែលបានសម្រេចព្រះទ័យទៅតាមដង្ហែសម្ដេចនរោត្តម សីហនុ នៅក្រុងប៉េកាំង នោះទេ គឺទ្រង់រស់នៅជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ជាឪពុកធំ និងបានបម្រើការងារជានាយទាហានក្នុងរបបសាធារណរដ្ឋខ្មែរ ។ ក្រោយពីសម្តេចនរោត្តម សីហនុ បានឡើងសោរាជ្យជាព្រះមហាក្សត្រជាថ្មីម្ដងទៀតក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានចូលបម្រើការងារជាលេខាធិការផ្ទាល់របស់សម្តេចព្រះមហាក្សត្រ។

អ្នកម្នាងស៊ីសុវត្ថិ ណាណែត មេថាវី និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី

នៅខែមេសា ឆ្នាំ២០១៣ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានលាឈប់ពីដំណែងជាលេខាធិការផ្ទាល់របស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ដើម្បីមានឱកាសនៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ និងបានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តលំដាប់លេខរៀងទី១ របស់គណបក្សសង្គ្រោះជាតិ នៅក្នុងមណ្ឌលខេត្តព្រះសីហនុ។ ប៉ុន្តែមិនមានសំណាងបានជាប់ឆ្នោតទេ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ រដ្ឋារី និងអ្នកម្នាង ទ្រឿង យឿន

ទី២ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថារី និងទី៣ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សុផាណា ជាបុត្រាភ្លោះ ប្រសូត្រថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៤។
ទី៤ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ អាម៉ារិនដូ ប្រសូត្រថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៥៦ សុគត ខែឧសភា ឆ្នាំ១៩៩៩។
ទី៥ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ តាក់កោវិទ ប្រសូត្រថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៧ សុគត ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៦៦ ។
ទី៦ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ចិត្រា ប្រសូត្រថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៥៩។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ជាមួយលោកលន់ នល់

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី ធ្លាប់សិក្សានៅសាលាបឋមសិក្សា និងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ ហើយបានទៅសិក្សានៅសាលាកងទ័ពនៅប្រទេសបារាំង។
ពីឆ្នាំ១៩៦០ ដល់១៩៦៧ ទ្រង់ជាសេនានុព័ន្ធយោធានៅស្ថានទូតខ្មែរ ប្រចាំប្រទេសបារាំង។ ឆ្នាំ១៩៦៨ ជាមេបញ្ជាការកងទ័ពជើងអាកាសកម្ពុជា។ ពីខែវិច្ឆិកា ឆ្នាំ១៩៦៨ ដល់ខែមីនា ឆ្នាំ១៩៧០ ជាឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ ។ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទ្រង់មិនបានត្រឡប់មកចូលរួមជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ជាព្រះរាម ដើម្បីបង្កើតរបបសាធារណរដ្ឋខ្មែរនោះទេ ផ្ទុយទៅវិញ ទ្រង់បានសម្រេចព្រះទ័យទៅរួបរួមជាមួយសម្តេចព្រះនរោត្តម សីហនុ ដែលភៀសព្រះកាយទៅគង់នៅទីក្រុងប៉េកាំង បង្កើតរណសិរ្ស និងរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ។
ចាប់ពីខែធ្នូ ឆ្នាំ១៩៧០ ដល់ខែកញ្ញា ឆ្នាំ១៩៧៣ ទ្រង់មានតួនាទីជានាយកខុទ្ធកាល័យសម្តេចនរោត្តម សីហនុ នៅក្រុងប៉េកាំង ។ ពីខែតុលា ឆ្នាំ១៩៧៣ ដល់ខែវិច្ឆិកា ឆ្នាំ១៩៧៥ ជាឯកអគ្គរាជទូតរបស់រដ្ឋាភិបាលរួបរួមជាតិ ប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ

ក្រោយថ្ងៃជ័យជម្នះ១៧ ខែមេសា ឆ្នាំ១៩៧៥ ទ្រង់ស៊ីសុវត្ថិ មេថាវី និងក្រុមគ្រួសារ បានដង្ហែសម្តេចព្រះនរោត្តម សីហនុ យាងត្រលប់មកទីក្រុងភ្នំពេញវិញ ហើយត្រូវពួកខ្មែរក្រហមយកទៅសម្លាប់នៅកន្លែងដាច់់ដោយឡែកពីមហេសីរបស់ទ្រង់ គឺអ្នកម្នាងស៊ីសុវត្ថិ ណាណែត នៅក្នុងខែកញ្ញា ឆ្នាំ១៩៧៨៕