ខេត្តសៀមរាប ៖ កាលពីប៉ុន្មានថ្ងៃមុន លោកជំទាវ ហ៊ុន ស៊ីណាត បានលែងកូនក្រពើមួយក្បាលចូលទៅក្នុងទឹកកស្សិណអង្គរ បំណងឲ្យក្រពើនោះកាន់ធម៌អាថ៌ តែត្រូវបានមហាជននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំង ផ្អើលពេញប្រទេស ព្រោះខ្លាចនៅពេលសត្វក្រពើនោះធំ បង្កគ្រោះថ្នាក់ដល់អ្នករស់នៅទីនោះ និងភ្ញៀវទេសចរណ៍។ តែក្រោយមក កូនក្រពើនោះ ត្រូវគេចាប់បានមកវិញ។

ប៉ុន្តែអ្វីធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលសាជាថ្មីរឿងសត្វក្រពើនោះ គឺកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ មានបុរសម្នាក់បានឈប់នោម នៅក្នុងប្រឡាយផ្លូវសម្ដេចជាស៊ីម សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ស្រាប់តែប្រទះឃើញកូនក្រពើចំនួន២ក្បាល ក៏រាយការណ៍ប្រាប់សមត្ថកិច្ច លុះពេលសមត្ថកិច្ចពាក់ព័ន្ធចុះរុករក ក៏ចាប់កូនក្រពើបានទៅដល់៥ក្បាលឯណោះ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ កូន សេកមាសទីវុឌ្ឍី ដែលថតកូនក្រពើបង្ហោះ កាលពី១៩ម៉ោង មុន ភ្ជាប់ជាមួយសំណេរថា« ឈប់នោមឃើញកូនក្រពើ២ក្បាល ក្នុងប្រឡាយ» ។

លុះ៦ម៉ោងក្រោយមកហ្វេសប៊ុកដដែលបង្ហោះថា «កូនក្រពើដែលបានឃើញនោះ គឺមានប្រជាពលរដ្ឋយកមកព្រលែង នៅម្ដុំប្រឡាយផ្លូវសម្ដេច ជា ស៊ីម សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មូលហេតុដោយកូនក្រពើនោះមានជម្ងឺ និងខ្វាក់ភ្នែកលក់មិនចេញ ក៏មកព្រលែងចោល តែពេលនេះក្រុមការងារ និងមន្រ្តីជំនាញ មានរដ្ឋបាលក្រុង ជលផល សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវធ្វើការរុករកចាប់បានអស់ហើយ មានចំនួនប្រាំក្បាល ស្លាប់១ក្បាល ហើយបានប្រគល់អោយមន្រ្តីជំនាញយកទៅហើយ។ សូមបញ្ជាក់ថា នៅទីនោះ គឺទឹកដក់តែក្នុងកំឡុងពេលភ្លៀងធ្លាក់តែប៉ុណ្ណោះ គឺមិនបង្កគ្រោះថ្នាក់អ្វីនោះឡើយសម្រាប់បងប្អូនប្រជាពលរដ្ឋ ហើយក៏សូមអរគុណបងៗសមត្ថកិច្ចដែលបានរុះរាន់ចុះទៅត្រួតពិនិត្យយ៉ាងលឿន ដើម្បីជម្រះនូវមន្ទិលសង្ស័យ។ ១៣ ១១ ២០១៩»៕

សូមប្រិយមិត្តទស្សនាវីដេអូ ដែលពលរដ្ឋប្រទះឃើញកូនក្រពើដូចខាងក្រោម៖