ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចុះបង្រ្កាបក្រុមប្លន់ប្រដាប់អាវុធ និងចាប់ជំរិតទារប្រាក់ (រវាងជនជាតិចិន និងជនជាតិចិន) បានជួយរំដោះជនរងគ្រោះជន២នាក់ (ប្រុសម្នាក់ ស្រីម្នាក់) និងឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ខណៈម្នាក់ទៀតបានរត់គេចខ្លួន កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូ និងសណ្ឋាគារណានហៃ ជាន់ទី៣១ បន្ទប់លេខ៣១១៨ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។


សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីជនជាតិចិនម្នាក់ តាមរយៈទូរស័ព្ទថា មានករណីប៉ុនប៉ងមនុស្សឃាត របស់ក្រុមប្លន់ប្រដាប់អាវុធ និងចាប់ជំរិតទារប្រាក់ (រវាងជនជាតិចិន និងជនជាតិចិន) នៅចំណុចកាស៊ីណូខាងលើ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ចុះទៅជួយរំដោះជនរងគ្រោះជនជាតិចិន២នាក់ (ប្រុសម្នាក់ ស្រីម្នាក់) និងបានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ខណៈម្នាក់ទៀតបានរត់គេចខ្លួន។


ជនរងគ្រោះទាំង២នាក់ ទី១- ឈ្មោះ Liu JunWei អាយុ៤៥ឆ្នាំ មុខរបររកស៊ី មានទីលំនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កាន់លិខិតឆ្លងដែនលេខ E51434407 រងរបួសស្នាមត្រង់ច្រមុះ, កែងដៃ និងដងខ្លួនជាច្រើនកន្លែង និងទី២- ឈ្មោះ Chen DAFen ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរទេសចរ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កាន់លិខិតឆ្លងដែនលេខ EF1467859 រងរបួសស្នាម កែងជើង និងដងខ្លួនជាច្រើនកន្លែង។
ដោយឡែក ជនសង្ស័យ២នាក់ ទី១- ឈ្មោះ Li HongLiang អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ និងជនសង្ស័យទី២ ដែលរត់គេចខ្លួនបាត់ឈ្មោះ Xiao Chou (ហៅ ក្រៅ) អាយុជាង២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។


ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង កាំភ្លើង១ដើម ម៉ាក BERETTA ពណ៌ខ្មៅ បង់២ មាន២៥គ្រាប់, ហិបដែកមានស្រោបក្រណាត់ពណ៌ត្នោត ធំ១ ក្នុងនោះមានវ៉ាលីស ពណ៌ខ្មៅ១ សម្រាប់ចាប់ជំរិតមនុស្ស, មេសោរតូច ចំនួន២ សម្រាប់ចាក់ហិបដែកចាប់ជំរិតមនុស្ស និងសំបកកាទុស្សកាំភ្លើង១គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនទៀត។
ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕