រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់អ្នកដែលចាញ់បោកឧបាយកលលោក សម រង្ស៊ី ឱ្យវិលត្រឡប់ចូលមាតុប្រទេសវិញ ដោយមិនមានទោសពៃរ៍ ដើម្បីរួមរស់ជាមួយក្រុមគ្រួសារ ក្រោមដំបូលនៃសុខសន្តិភាព បន្ទាប់ពីផែនការវិលចូលស្រុកលោក សម រង្ស៊ី បានបរាជ័យទាំងស្រុង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
នេះបើតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីព្រលប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។


សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋស្លូតត្រង់មួយចំនួនតូច បានចាញ់បោកការឃោសនានយោបាយ និងឧបាយកលពិសពុល របស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ហើយបានចាកចេញទៅកាន់ប្រទេសទី២ ជាពិសេស ទៅព្រះរាជាណាចក្រថៃ ដើម្បីត្រៀមចូលរួមក្នុងអ្វីមួយដែលក្រុមឧទ្ទាមហៅថា ការអមដំណើរវិលត្រឡប់ចូលកម្ពុជារបស់ ទណ្ឌិត សម រង្ស៊ី ។ ឆ្លៀតក្នុងឱកាសនេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចាញ់ឧបាយកលបោកប្រាស់របស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្សី សូមវិលត្រឡប់មកមាតុប្រទេសវិញ ដើម្បីបន្តរួមរស់ជាមួយក្រុមគ្រួសារ និងសង្គមជាតិ ក្រោមដំបូលនៃសុខសន្តិភាព»។


រាជរដ្ឋាភិបាលកម្ពុជា បានយល់ច្បាស់ណាស់ថា ប្រការដែលប្រជាពលរដ្ឋអាចជាប់ពាក់ព័ន្ធនឹងបទល្មើស «រួមគំនិតក្បត់» គឺដោយសារការចាញ់បោកឧបាយកលនយោបាយ និងការលួងលោមអូសទាញពីសំណាក់ក្រុមឧទ្ទាមដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី ដែលមានបំណងយកបងប្អូនដែលជាជនស្លូតត្រង់ ធ្វើជាឧបករណ៍នយោបាយ និងឈ្នាន់បញ្ឆេះកំហឹងសង្គម ដើម្បីសម្រេចមហិច្ឆិតាអំណាចរបស់ក្រុមខ្លួន ដោយមិនគិតពីការស្លាប់រស់ និងសុខទុក្ខរបស់បងប្អូន និងប្រទេសជាតិឡើយ។
រាជរដ្ឋាភិបាល មានជំនឿយ៉ាងមុតមាំលើទឹកចិត្តស្នេហាជាតិរបស់ប្រជាជនកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។


រាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា៖ «ជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់ បានពីការចូលរួមចំណែកដ៏សំខាន់ និងមិនអាចខ្វះបានរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបាន បង្ហាញនូវសាមគ្គីភាពរឹងមាំជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសបានបង្ហាញនូវស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិខ្មែរ និងចំពោះរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា»៕