ខេត្តក្រចេះ៖ ផ្សោតទន្លេមេគង្គមួយក្បាលទៀតបានជាប់មងត្រង់កន្ទុយ បណ្ដាលឲ្យស្លាប់ ហើយត្រូវគេប្រទះឃើញនៅអន្លង់ផ្សោតកាំពី ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី។
ផ្សោតនេះមានទម្ងន់ ១១០គីឡូក្រាម និងមានប្រវែង ២.២៧ម៉ែត្រ នៅពេលស្លាប់មានសភាពហើមធ្លាយពោះ។


លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា មងដែលជាប់លើកន្ទុយផ្សោតនោះ គឺប្រហែលជាមងដែលរសាត់អណ្ដែតតាមទន្លេនៅពេលទឹកឡើង តែលោកអះអាងថា ប្រជាពលរដ្ឋនៅតំបន់នោះក៏មានការយល់ដឹងច្រើនដែរអំពីការអភិរក្សសត្វផ្សោត និងអត្ថប្រយោជន៍នានារបស់ផ្សោត ដូច្នេះពួកគាត់មិនដាក់មងនៅតំបន់ដែលមានផ្សោតរស់នៅឡើយ ប៉ុន្តែមូលហេតុច្បាស់លាស់យ៉ាងណានោះ គឺមិនទាន់ត្រូវបានសន្និដ្ឋាននៅឡើយទេ។


លោក ជួប រតនា ក៏បានឲ្យដឹងដែរថា ចំនួនផ្សោតសរុបដែលបានចុះបញ្ជីនៅឆ្នាំ២០១៧ មានចំនួន៩២ក្បាល ក្នុងនោះនៅក្នុងខេត្តក្រចេះមានចន្លោះពី ៥៨ ទៅ៦៣ក្បាល។ ដោយមានការបញ្ជាក់ពីអង្គការ WWF នៅឆ្នាំ២០១៩ សត្វផ្សោតទន្លេមេគង្គមានការកើនឡើងចំនួន ៩ក្បាលទៀត ក្នុងនោះនៅខេត្តក្រចេះ កើនឡើងចំនួន ៥ក្បាល។ ប៉ុន្ដែមកដល់ពេលនេះ សត្វផ្សោតបានស្លាប់អស់៥ក្បាលទៅហើយ ក្នុងនោះនៅខេត្តក្រចេះស្លាប់អស់៣ក្បាល បើគិតទាំងផ្សោតដែលទើបនឹងស្លាប់នេះ៕