ខេត្តព្រះសីហនុ ៖ បុរស២នាក់ឪពុកកូន២នាក់ បានបើករថយន្តដឹកគ្នា ធ្វើដំណើរទៅខេត្តព្រះសីហនុ លុះដល់ពាក់កណ្តាលផ្លូវ បានព្យាយាមបើកគេចរថយន្តកុងតឺន័រ ១គ្រឿង បណ្តាលឲ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ តែសំណាងល្អឪកូនអ្នកទាំង២នាក់ មានជីវិតថ្លៃមិនស្លាប់។


ករណីចរាចរណ៍នេះ បានកើតឡើងបានកាលពីម៉ោងជិត៧ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ នៅស្ពានដែកចន្លោះ គីឡូ១៦៧-១៦៨ ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ។
ជនរងគ្រោះ ឈ្មោះ ទូច សំអុល ជាមន្ត្រីពន្ធដារ អាយុ៤៩ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្ន ភូមិព្រែកសំរោង២ ឃុំតាខ្មៅ ក្រុុងតាខ្មៅ ខេត្តកណ្តាល ។ ជាអ្នកបើករថយន្តឡិចស៊ីស RX 300 ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-7304 និងកូនប្រុសរួមដំណើរជាមួយមានឈ្មោះទូច គឹមលាង អាយុ២៣ឆ្នាំ។ អ្នកទាំង២នាក់ មិនមានរងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ។
សមត្ថកិច្ច បានបញ្ជាក់ថា គ្រោះថ្នាក់នេះ កើតឡើងដោយសារតែជនរងគ្រោះ បើកគេចរថយន្តកុងតឺន័រ មួយគ្រឿងផ្សេងទៀត បើកបរទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ ទើបបណ្តាលឲ្យធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ តែឪពុកកូនពួកគេ មិនស្លាប់ទេ គ្រាន់តែរងរបួសប៉ុណ្ណោះ។


ក្រោយកើតហេតុ សមត្ថកិច្ច បានបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅមន្ទីរពេទ្យព្យាបាលរបួស រីឯរថយន្តសមត្ថកិច្ចស្ទួចយកមករក្សាទុកបណ្តោះអាសន្ន រង់ចាំប្រគល់ឲ្យម្ចាស់វិញ៕