ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

ក្រោយមក អ្នកស្រីប៉ុម ពាង ក៏បានលែងលះគ្នាជាមួយលោកអ៊ុ ផាន់កែវ ហើយបានទៅយកស្វាមីទី២ ឈ្មោះហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី ជាជនជាតិបារាំង សញ្ញាតិអ៊ីតាលី និងជាអ្នកគ្រប់គ្រងធនាគារមួយ ។
ក្រោយពីបានជាប្តីប្រពន្ធហើយ លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី បាននាំអ្នកស្រីប៉ុម ពាង ទៅរស់នៅឯទីក្រុងព្រៃនគរ ដែលនៅទីនោះ អ្នកស្រីប៉ុម ពាង បង្កើតបានកូន២នាក់ទៀត គឺទី១ឈ្មោះ អាន ម៉ារី អ៊ីហ្ស៊ី ( Anne Marie Izzi ) កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៣៤ និងទី២ឈ្មោះ ប៉ូល ម៉ូនិក អ៊ីហ្ស៊ី (អ្នកម្នាងម៉ូនិក) កើតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦។

កញ្ញាប៉ូល ម៉ូនិក អ៊ីហ្ស៊ី គឺសម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ សព្វថ្ងៃ

ក្នុងសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៣៩ ពេលកងទ័ពណាហ្ស៊ីអាល្លឺម៉ង់ ចូលឈ្លានពានដណ្តើមកាន់កាប់ប្រទេសបារាំង លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី ដែលត្រូវជាប់កំណែនចូលបម្រើក្នុងជួរកងទ័ពបារាំងនៅឥណ្ឌូចិននោះ ត្រូវបានបញ្ជូនពីទីក្រុងព្រៃនគរ ជាមួយកងទ័ពកំណែនជាជនជាតិបារាំង ខ្មែរ វៀតណាម និងលាវ ជាច្រើនពាន់នាក់ទៀត ដើម្បីទៅធ្វើសង្រ្គាមវាយបណ្តេញកងទ័ពអាល្លឺម៉ង់ឲ្យចេញពីប្រទេសបារាំង វិញ ។ ពេលនោះ លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី មានឋានន្តរសក្តិជាអនុសេនីយ៍ទោ ក៏បាត់ខ្លួននៅក្នុងសមរភូមិនៅប្រទេសបារាំងតាំងពីឆ្នាំ១៩៤០ រហូតមក។ ឯអ្នកស្រីប៉ុម ពាង ក៏នាំកូនៗទាំង២ វិលត្រលប់មករស់នៅទីក្រុងភ្នំពេញ ជួបជុំកូនៗទាំង៥នាក់ជាមួយស្វាមីទី១ (អ៊ុ ផាន់កែវ) របស់គាត់វិញ។

កញ្ញាប៉ូល ម៉ូនិក អ៊ីហ្ស៊ី គឺសម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ សព្វថ្ងៃ

កូនស្រីរបស់អ្នកស្រីប៉ុម ពាង ឈ្មោះអាន ម៉ារី អ៊ីហ្ស៊ី ( Anne Marie Izzi ) បានសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យដេកាដ៏ ហើយបន្តការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៅទីក្រុងភ្នំពេញ និងទីក្រុងបារីស ប្រទេសបារាំង រហូតទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិត និងបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី នៅក្នុងឆ្នាំ១៩៥១។ ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច ឈ្មោះអាន ម៉ារី អ៊ីហ្ស៊ី ត្រូវបានដូរមកជា អ្នកម្នាងស៊ីសុវត្ថិ ណាណែត មេធាវី វិញ៕

 

 

អ្នកម្នាងស៊ីសុវត្ថិ ណាណែត មេធាវី និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី