ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកោះធំ បានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងលេងអាប៉ោង) ត្រង់ចំណុចចម្ការល្មុតចុងព្រែក ភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង១០នាទី តែមនុស្សនាំគ្នារត់គេចខ្លួនអស់ ពោលគឺសមត្ថកិច្ចចាប់បានតែរបស់អត់ចេះរត់។


សមត្ថកិច្ច បានឲ្យដឹងថា មុនពេលចុះទៅបង្រ្កាបទីតាំងល្បែងស៊ីសងខាងលើ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មក សមត្ថកិច្ចថា មានគេលេងល្បែងភ្នាល់ជល់ មាន់ និងអាប៉ោង នៅចំណុចចម្ការ ល្មុតចុងព្រែក ភូមិឃុំកើតហេតុ ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញស្រុក បានសហការជាមួយនិង កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកថ្មី បានចុះដល់កន្លែងកើតហេតុ ពេលដែលឃើញសមត្ថកិច្ច នគរបាលទៅដល់ អ្នកលេងល្បែងទាំងអស់នោះ បាននាំគ្នារត់យករួចខ្លួនទាំងអស់ ដោយបន្សល់ទុកនៅវត្ថុតាង នៅកន្លែងកើតហេតុតែម្ដង ។


សមត្ថកិច្ច បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ដកហូតម៉ូតូ០៧គ្រឿង ទី១-ម៉ាក Suzuki smash Revo ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-8350 ។ ទី២-ម៉ាក Suzuki smash Revo ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1F-1150។ ទី៣-ម៉ាក Honda គប់ជ្រុង C90 ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ផ-5679 ភព1 ។ ទី៤-ម៉ាក Honda គប់ជ្រុង C70 ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ 1B-1891 ។ ទី៥-ម៉ាក Honda គប់ជ្រុង C50 ពណ៌ទឹកប៊ិក គ្មានស្លាកលេខ ។ ទី៦-ម៉ាក Honda គប់មូល C50 ពណ៌ស្លែ ពាក់ស្លាកលេខ កណ្ដាល 1L-9536 ។ ទី៧-ម៉ាក សង់កូរ៉េ Citi 100 ពណ៌ក្រហម ពាក់ស្លាកលេខ ឃ-1789 កណ1 ។, កន្ត្រកដាក់មាន់ជល់ចំនួន០៤សម្រាប់ជញ្ជីងថ្លឹងមាន់ ០១គ្រឿង និងស្គុតរុំ មួយចំនួន , ស្បែកជើង ០៤គូ , ចានអាប៉ោង០១ , គម្របអាប៉ោង០១ និងកម្រាលលេខអាប៉ោង ០១ផ្ទាំង, កង់០៤គ្រឿង ។
វត្ថុតាងទាំងអស់ សមត្ថកិច្ចរឹបអូសមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកោះធំ ដើម្បីចាត់ការតាមផ្លូវច្បាប់៕