អា​រ៉ាប់​ប៊ី​សា​អូឌីត ៖ ថ្មី​ៗនេះ​ ស្ត្រី​បង់​ក្លា​ដែ​សម្នាក់ដែលជាអ្នក​​បម្រើ​ការងារ​តាម​ផ្ទះ នៅ​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត បាន​បញ្ចេញ​វី​ដេ​អូ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដែល​នាង​និយាយ​អំពី​ការ​រំលោភ​បំពាន​ផ្លូវភេទ​ពី​សំណាក់​ថៅកែ​របស់​នាង ។

ស្ត្រី​រង​គ្រោះ​ មាន​អាយុ​២៥​ឆ្នាំ បាន​លួចទៅ​​វី​ដេ​អូ​ខ​លទៅ​ក្រុម​គ្រួសារ​ដោយ​សម្ងាត់កាលពីដើមខែវិច្ឆិកានេះ នាង​និយាយ​ទាំង​ទឹកភ្នែក ប្រាប់​អំពី​ការ​រំលោភ​បំពាន​ផ្លូវភេទ និង​រង​ទារុណកម្ម​ពី​សំណាក់​ថៅកែ ហើយនាង​ទទូច​អង្វរ​សុំ​អនុញ្ញាតិ​ឱ្យ​បាន​ត្រឡប់​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​វិញ បន្ទាប់​ពី​ត្រូវ​បាន​គេ​ចាប់​ឃុំឃាំង​អស់​រយៈពេល​ជាង​២​ស​ប្តា​ហ៍​មក​ហើយ នាង​គឺជា​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​ស្ត្រី៣០០,០០០​នាក់ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស តាម​រយៈ​ក្រុមហ៊ុន​មួយ ។

តាម​រយៈ​វី​ដេ​អូ​ដែល​អង្គការ BRAC ​ទទួល​បាន គឺ​នាង​រៀបរាប់​ថា «ខ្ញុំ​ប្រហែលជា​រស់​មិន​បាន​យូរ​ទេ សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង ​! ពួក​គេ​បាន​ចាក់សោ​ខ្ញុំ រយៈពេល​១៥ថ្ងៃ​ហើយ ហើយ​ពួក​គេ​មិន​បាន​ផ្តល់​អាហារ​អ្វី​ទេ ពួក​គេ​គំរាម​ចាប់រំលោភ​ ដោយ​ដុត​ដៃ​របស់ខ្ញុំ​ដោយ​ប្រេង​ឆៅ ហើយ​ចង​ខ្ញុំ ។ ពួក​គេ​បាន​នាំ​ខ្ញុំ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយទៀត នៅ​ក្នុងផ្ទះ​ដំបូង ពួក​គេ​បាន​ធ្វើ​ទារុណកម្ម​រំលោភ​បំពាន​ផ្លូវភេទ​ខ្ញុំ ហើយ​វាយ​ខ្ញុំ​ម្តង​ហើយ​ម្តងទៀត បន្ទាប់​មក​បញ្ជូន​ខ្ញុំ​ទៅ​កន្លែង​មួយទៀត ដែល​ខ្ញុំ​ទទួល​រង​ដូច​គ្នា ។ ខ្ញុំ​មិន​គិត​ថាខ្ញុំ​នៅ​រស់​ទេ ខ្ញុំ​គិត​ថាខ្ញុំ​ស្លាប់​ហើយ ពួក​គេ​បាន​ធ្វើ​ទារុណកម្ម​វាយដំ និង​រំលោភ​ខ្ញុំ សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង យក​ខ្ញុំ​ទៅ​ឆ្ងាយ​ពី​ទី​នេះ​» ។

ក្រោយ​​វី​ដេ​អូ​ឃ្លី​ប​នេះបែកធ្លាយលើបណ្តាញសង្គម​ធ្វើ​អោយ​មានការ​តវ៉ា​ជា​ច្រើននៅ​រដ្ឋធានី​ដា​កា ​ប្រទេស​បង់​ក្លា​ដែ​ស ហើយ​ប្រជាជន​បង់​ក្លា​ដែ​សបាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ប្រទេសទាំង២ ធ្វើ​មាតុភូមិនិវត្តន៍​រូប​នាង មក​ប្រទេស​កំណើត​វិញ ។

កាលពី​ខែ​មុន សាកសព​របស់​ជន​ចំណាកស្រុក​ម្នាក់​ឈ្មោះ Nazma Begum អាយុ​៤២​ឆ្នាំ ជា​អ្នកបម្រើ​ការងារ​តាម​ផ្ទះ ត្រូវ​បាន​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត​ បញ្ជូន​មក​វិញ បន្ទាប់​ពី​នាងបាន​ទូរស័ព្ទ​ទៅ​ប្រាប់​កូនប្រុស​របស់​នាង ម្តង​ហើយម្តងទៀត ដើម្បី​ឲ្យជួយ​សង្គ្រោះនាង ។ នាង​និយាយប្រាប់កូន​​ថា រូបនាង​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម ហើយ​ប៉ូលិស​រក​ឃើញ​ថា នាង​បាន​ស្លាប់​ ដោយសារ​ជំងឺ ​ដែល​មិន​បាន​ព្យាបាល ។

អង្គការ BRAC ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ដា​កា ដែល​ជា​អង្គការ​សប្បុរសធម៌​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក បាន​ធ្វើការ​សម្ភាសន៍ទៅលើក្រុម​ស្ត្រី​ជា​ជន​ចំណាកស្រុក​បង់​ក្លា​ដែ​ស អោយដឹង​ថា ​មាន​ស្រ្តី​ប្រមាណ​ជា​៦១​ភាគរយ និយាយ​ថា ពួក​នាង​ត្រូវ​បាន​រំលោភ​បំពាន​លើ​រាង​កាយ ។ ហើយ១៤​ភាគរយ​ទៀត ប្រាប់​​ថា ពួក​នាង​ត្រូវ​បាន​រំលោភ​បំពាន​ផ្លូវភេទ ។ ហើយ​បើ​តាម​របាយការណ៍​អង្គការ​ដដែល​នេះ​ថា នៅ​ឆ្នាំ​២០១៩​នេះ សាកសព​ពល​ការិនី​ចំនួន​៤៨​នាក់ ត្រូវ​បាន​បញ្ជូន​មក​ពី​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត​វិញ ៕