ខេត្តបន្ទាយមានជ័យ៖ ចំណុចច្រកទ្វារព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចប្រចាំការនៅតំបន់នោះ រាយការណ៍មកថា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងប្រមាណ៩ព្រឹកនេះ មានសភាពការណ៍ធម្មតា ដោយមិនមានបាតុភាពណាមួយ ឬការប្រមូលផ្តុំកម្លាំងមហាជនខុសពីប្រក្រតីនោះទេ គឺប្រជាពលរដ្ឋ និងរថយន្តទេសចរណ៍ចេញចូលជាធម្មតា។


ទោះជាយ៉ាងនេះក្តី កងកម្លាំងប្រដាប់អាវុធ នៅតែបន្តប្រចាំការ ដើម្បីការពារចំពោះការប្រមូលផ្តុំបង្កការអុកឡុក បំផ្លិចបំផ្លាញដល់កម្មវិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាសន្តិភាពប្រទេសកម្ពុជា។ ចំណែកកម្លាំងសមត្ថកិច្ចថៃ នៅតែបន្តសហការល្អជាមួយសមត្ថកិច្ចកម្ពុជា នៅចំណុចច្រកព្រំដែន។
ចំណុចច្រកទ្វារព្រំដែនប៉ោយប៉ែត ជាច្រកទ្វារដែលលោកសម រង្ស៊ី បានប្រកាសថា លោកនឹងចូលមកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ៕