រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអញ្ជើញជនរួមជាតិចូលរួមហូបអំបុក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយរីករាយទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ថា៖ «ដើម្បីអបអរសាទរនៅក្នុងខួប៦៦ឆ្នាំនៃ ទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ ខ្ញុំសូមអញ្ជើញបងប្អូនទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុក ដែលជានំចំណីអត្តសញ្ញាណជាតិខ្មែរយើង នៅក្រោមពាក្យស្លោក អំបុកខ្មែរ ថែ ជាតិ សាសនា និងព្រះមហាក្សត្រ»។


សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញមកលេងកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១០, ១១ និង ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កុំព្រួយបារម្ភចំពោះបញ្ហាអសន្តិសុខឲ្យសោះ។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សុំបញ្ជាក់ត្រឡប់ទៅវិញទៅ វាគ្មាននរណាវ៉ៃគ្នានៅកណ្តាលរាជធានីភ្នំពេញ ទេ»។
ការអំពាវនាវកុំឲ្យប្រជាពលរដ្ឋព្រួយបារម្ភរបស់នេះ ធ្វើឡើងបន្ទាប់ពីមានជនអគតិមួយចំនួន បានបំពុលព័ត៌មានថា ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១០, ១១ និង១២ ខែវិច្ឆិកា ថាមានការផ្ទុះអាវុធជាដើម ដែលផ្ទុយស្រឡះពីស្ថានភាពបច្ចុប្បន្ន៕