លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក នា​ពេល​ថ្មី​ៗ​នេះ តាម​រយៈ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ផ្ញើ​សារ​អបអរសាទរ​ដល់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​ទី​៩ ខែវិច្ឆិកា ។

​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​និយាយ​នៅ​ក្នុង​សារលិខិត​របស់​លោក​ថា “​ខ្ញុំ​សូម​ថ្វាយព្រះពរ​ជូន​ចំពោះ​ព្រះករុណា ព្រះមហាក្សត្រ និង​ប្រជាជន​កម្ពុជានៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​” ។

​លោក​បាន​បន្ត​ថា “​សហរដ្ឋអាមេរិក ស្ថិត​នៅ​ជាមួយ​ប្រជាជន​កម្ពុជា ដែល​ប្រាថ្នា​ចង់បាន នូវ​ព្រះរាជាណាចក្រ ដែល​ប្រកបដោយ​សុខ​សន្តិភាព វិបុលភាព ប្រជាធិបតេយ្យ និង​អធិបតេយ្យភាព​” ។

(សារលិខិតខាងលើនេះ បកប្រែក្រៅផ្លូវការ)

​ប្រទេស​កម្ពុជា​នឹង​ប្រារ​ព្វ​ពិធី​អបអរសាទរ​ខួប​៦៦​ឆ្នាំ នៃ​ការ​បញ្ចប់​អាណាព្យាបាល​បារាំង (១៩៥៣-២០១៩) នៅ​ថ្ងៃស្អែក​នេះ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ដោយ​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ សិស្ស​និស្សិត និង​ប្រជាជន​រាប់​ពាន់​នាក់ រួម​នឹង​មជ្ឈដ្ឋាន​សង្គម​ផ្សេង​ៗ ក៏​ដូច​ជា​ឯកអគ្គរដ្ឋទូត ដែល​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ ៕