ភ្នំពេញ ៖ ប៉ូលិស​ម៉ា​ឡេ​ស៊ីបាន​ចាប់ខ្លួន​អតីត​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិចំនួន​ពីរ​នាក់ តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​កម្ពុជា នៅ​ពេល​ដែល​ពួក​គេ កំពុង​រង់ចាំ​ធ្វើ​ដំណើរ​តាម​យន្តហោះ ពី​ម៉ា​ឡេ​ស៊ីឆ្ពោះទៅ​កាន់​ប្រទេស​ថៃ ដើម្បី​អមដំណើរ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី ចូលមក​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាង​មុខ ។

អតីត​សមាជិក​គណបក្ស CNRP ដែល​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​ចាប់ខ្លួន មានឈ្មោះ ហេង ស៊ា​ង​លាង និង​កញ្ញា ងឹ​ម គាថា ត្រូវ​បាន សាកសួរ និង​ឃុំខ្លួន ដោយ​ប៉ូលិស​អន្តោប្រវេសន៍​ម៉ា​ឡេ​ស៊ី កាលពី​យប់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ ឆាយ គឹ​ម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា​នេះ អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​ពីរ​នាក់​ហើយ គឺ​អនុវត្ត​តាម​ដីកា​តាម​ចាប់​របស់​កម្ពុជា ដែល​បាន​ស្នើ​សុំ ហើយ​អ្នក​ទាំង​២ នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែក​នេះ ៕